អភិបាលខេត្តកំពង់ចាម ណែនាំមន្រ្តីមន្ទីរកសិកម្មឱ្យពិនិត្យនិងជូនដំណឹងដល់កសិករដែលនៅឆ្ងាយពីប្រភពទឹកកុំឱ្យធ្វើស្រូវប្រាំង
កំពង់ចាម៖អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ការធ្វើស្រែប្រាំងក្នុងពេលនេះប្រឈមការខ្វះខាតទឹកចំពោះអ្នកនៅឆ្ងាយពីប្រភពទឹក ជាហេតុធ្វើឱ្យស្រូវស្កក ពិបាកក្នុងការដោះស្រាយទឹកដាក់ស្រែជូនកសិករ ។ ដើម្បីការពារមិនឱ្យប្រជាកសិករខាតបង់ថវិកា និងកម្លាំងពលកម្ម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មខេត្ត ត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹងតាមបណ្តាស្រុកទាំងអស់អំពីស្ថានភាពនេះ ។
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នៅសាលប្រជុំធំសាលាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោម អធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា សម្រាប់ការធ្វើស្រែប្រាំងរបស់កសិករដែលនៅជិតប្រភពទឹកគ្រប់គ្រាន់ អាជ្ញាធរពុំមានការហាមឃាត់នោះទេ មានតែ លើកទឹកចិត្តឱ្យស្រែប្រាំងពីរដងទៅបីដង ទៅតាមលទ្ធភាព និងទៅតាមស្ថានភាពជាក់ស្តែងនៃប្រភពនៅទីនោះ ប៉ុន្តែអាជ្ញាធរក៏សុំអំពាវនាវដល់កសិករដែលនៅឆ្ងាយពីប្រភពទឹក ដែលធ្វើស្រែពឹងផ្អែកពីទឹកភ្លៀងសូមកុំនាំគ្នាធ្វើស្រែប្រាំងក្នុងពេលនេះ ព្រោះអាចប្រឈមខ្វះទឹកដាក់ស្រែ។
លើការងារមួយទៀត ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់មន្រ្តីនៃមន្ទីរកសិកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម ស្វែងរកដៃគូសហការ ព្រមទាំងសហគ្រាសរោងចក្រកិនស្រូវ ចុះប្រមូលទិញស្រូវរបស់កសិករដែលផលិតបាន ៕
ដោយ៖លី ពៅ







