អភិបាលខេត្តកំពង់ធំ រំលឹកដល់មន្រ្តីសុខាភិបាលបន្តយកចិត្តទុកដាក់ការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព សមធម៌
កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្រ្តីនៃមន្ទីរសុខាភិបាល គ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាពប្រសិទ្ធិភាព សមធម៌ ធានានូវសេវា២៤ម៉ោងលើ២៤ម៉ោង។
អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥របស់មន្ទីរសុខាភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម នួន ផារ័ត្ន បានបន្តដោយរំលឹកថា គ្រូពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈប្រកាន់យកនូវឥរិយាបថរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកជំងឺ។ បំពាក់បំប៉នបន្ថែម និងជាប្រចាំនូវជំនាញបច្ចេកទេសដើម្បីអភិវឌ្ឍសមត្ថភាព។ ខិតខំបំពាក់សម្ភារៈ-បរិក្ខាពេទ្យទំនើបៗដើម្បីជាជំនួយដល់ការពិនិត្យ និងព្យាបាល។
ឯកឧត្តមបន្ថែមថា ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ, អគារ, បន្ទប់សម្រាក, សម្ភារៈដំណេកឱ្យមានផាសុខភាព។ធានានូវអនាម័យល្អ, បរិស្ថានល្អ, និងកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ។ ផ្តល់ការអប់រំសុខភាព និងផ្សព្វផ្សាយនូវព័ត៌មានសុខាភិបាលនានាឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ។ ខិតខំត្រួតពិនិត្យយកចិត្តទុកដាក់ការផ្តល់សេវាសុខាភិបាលឯកជន, ការគ្រប់គ្រងឱសថក្លែងក្លាយ និង ខូចគុណភាព។ សហការឱ្យបានកាន់តែល្អប្រសើរជាមួយនឹងអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដែលជាកត្តានាំមកនូវជោគជ័យការងារ។
សូមជម្រាបថាបន្ទាប់ពីដំណើរការរយៈពេលពេញមួយថ្ងៃ សន្និបាតបូកការងាររបស់មន្ទីរសុខាភិបាលខេត្តកំពង់ធំបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី១៣ ខែមីនា ៕
ដោយ៖ប៊ុន រដ្ឋា