អាមេរិកបន្តបញ្ជូនគ្រាប់បែករយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ កាសែតរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពដែលដឹងលឺពីអាវុធនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំបន្តដឹកជញ្ជូនគ្រាប់បែកផ្លោងធុនតូចចម្ងាយឆ្ងាយ ហៅកាត់ GLSDB ទៅកាន់ប្រទេសអ៊ុយក្រែនឡើងវិញ។
គ្រាប់បែកមានអង្កត់ផ្ចិតតូចអាចបាញ់ចេញពីផ្ទាល់ដី GLSDB ផលិតរួមគ្នាដោយក្រុមហ៊ុនស៊ុយអែត SAAB AB និងក្រុមហ៊ុន Boeing របស់អាមេរិក ហើយគ្រាប់បែកប្រភេទនេះមានបំពាក់ប្រព័ន្ធ GPS សម្រាប់អ៊ុយក្រែនអាចបាញ់បានចម្ងាយ ១៦០គីឡូម៉ែត្រ។
ការប្រគល់គ្រាប់បែក GLSDB របស់អាមេរិកទៅឱ្យអ៊ុយក្រែន ត្រូវបានប្រកាសជាលើកដំបូងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រូវបានចែកចាយជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។
សារព័ត៌មាន kyiv independent បានចេញផ្សាយថា គ្រាប់បែក GLSDBs ដែលទើបតែជំរុញកម្លាំងឱ្យកាន់តែខ្លាំងក្លាជាងមុន ដើម្បីទប់ទល់ជាមួយការគំរាមកំហែងរបស់រុស្ស៊ីនោះ អាចនឹងធ្លាក់ទៅដល់ដៃយោធាអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយសារតែពួកវាមានរួចហើយ នៅឃ្លាំងស្តុកសព្វាវុធនៅទ្វីបអឺរ៉ុប។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រាប់បែក GLSDB នឹងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដល់កងកម្លាំងអ៊ុយក្រែន បូករួមជាមួយនឹងមីស៊ីល Storm Shadow, SCALP និង ATACMS។
ការបន្តផ្តល់ជំនួយគ្រាប់បែក GLSDB នាពេលនេះ កើតឡើងចំពេលដែលមន្ត្រីអាមេរិក និងអ៊ុយក្រែននិយាយថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ (ATACMS) ដែលអាចវាយប្រហារក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រ ដែលផ្គត់ផ្គង់ដល់ទីក្រុងកៀវ ត្រូវបានបំផ្លាញអស់ហើយ។
សរុបមក សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីល ATACMS តិចជាង ៤០គ្រាប់ប៉ុណ្ណោះទៅឱ្យអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតី Putin ចាប់ផ្តើមការលុកលុយពេញទំហឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕ ប្រភព ៖ Reuters និង kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា