ស្រុកពញាឮ ជាស្រុកដំបូងគេក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ
(ខេត្តកណ្តាល)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សម្រេចជ្រើសរើសយកស្រុកពញាឮ ជាស្រុកដំបូ ងគេក្នុងការសិក្សាគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសា ធារណៈ លំហបៃតង និងបឹងធម្មជាតិ ពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ។
នេះបើយោងតាមកិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម ឈឿន បុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ពិនិត្យពិភាក្សា សំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពី គម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។
ឯកឧត្តម ឈឿន បុណ្ណារ័ត្ន មានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ពិសេសបង្កើតអោយមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា៖ ការសិក្សាគម្រោងនេះ មានគោលបំណង រៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុខភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។
ឯកឧត្តម គួច ចំរើន បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគតផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួន៕
ដោយ ៖ ង៉ាន់ ទិត្យ






