ជប៉ុនដំឡើងពន្ធ ៧០០% លើអង្ករអាមេរិក

បរទេស៖ ជប៉ុនបានសម្រេចថា នឹងតំឡើងពន្ធ ៧០០ភាគរយ លើអង្ករនាំចូលពីសហរដ្ឋអាមេរិក
ក្រោយពេលការតំឡើងពន្ធតាមបំណងរបស់អាមេរិកលើដែក និងអាលុយមីញ៉ូមរបស់ជប៉ុន បានចូលជាធរមាន។

ទីភ្នាក់ងារព័ត៌មាន NHK បានចុះផ្សាយថា ដំណឹងអំពីការតំឡើងពន្ធអង្ករអាមេរិក បែបនេះ ត្រូវបានអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt លើកយកមកនិយាយ និង រិះគន់ធ្ងន់ៗ។

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍មួយ អ្នកនាំពាក្យសេតវិមានរូបនេះ បានប្រាប់អ្នកយកព័ត៌មាន អំពីការយកពន្ធលើដែក និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសកាណាដា។ បន្ទាប់មក លោកស្រីបានយកតារាងបង្ហាញប្រទេសផ្សេងៗទៀត ដូចជា បណ្តាប្រទេសអឺរ៉ុប និងឥណ្ឌា ជាដើម។ លោកស្រី ក៏បានទាញការចាប់អារម្មណ៍ លើប្រទេសជប៉ុន ដែលសងសឹក នឹងការដាក់ពន្ធអង្ករអាមេរិក ៧០០ភាគរយ។

លោកស្រីបង្ហាញការខកចិត្ត និង បានថ្លែងការពារ វិធានការតំឡើងពន្ធ របស់អាមេរិក ដោយបញ្ជាក់ថា ប្រធានាធិបតី Trump ពិតជាមើលពីផលប្រយោជន៍របស់ធុរកិច្ច និងកម្មករ អាមេរិក។ លោកស្រីថា អ្វីទាំងអស់ ដែលលោក Trump ស្នើសុំ គឺជាការអនុវត្តពាណិជ្ជកម្ម ដោយយុត្តិធម៌ និងតុល្យភាព។

យ៉ាងណាមិញ ជប៉ុនផ្តល់កូតានាំចូលដោយមិនគិតពន្ធ សម្រាប់អង្ករអាមេរិក និងនាំចូលពីប្រទេសផ្សេងទៀត ដោយផ្អែកតាមក្របខណ្ឌ អង្គពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ១៩៩៥។ សហរដ្ឋអាមេរិក គឺជាប្រទេសនាំចេញអង្ករដ៏ធំបំផុត ទៅកាន់ប្រទេសជប៉ុន ក្រោមក្របខណ្ឌគ្មានពន្ធ ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលជាធម្មតា មានចន្លោះពី ៣០ម៉ឺនតោន ទៅ ៤០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ បើការនាំចូលក្រៅក្របខណ្ឌនេះ ត្រូវបង់ពន្ធ ប្រហែល២ដុល្លារ ក្នុងអង្ករ មួយគីឡូក្រាម
នេះបើតាមកាសែត Japan Times៕

ប្រភពពី NHK , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner