រុស្ស៊ីទាមទារការធានាធំៗចំនួនពីរ ក្នុងសន្ធិសញ្ញាសន្តិភាពជាមួយអ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានទាមទារការធានាដ៏រឹងមាំធំៗចំនួនពីរ មុនពេលឈានដល់បទឈប់បាញ់ ឬសន្ធិសញ្ញាសន្តិភាព ក្នុងនោះ ទី១. អ៊ុយក្រែនត្រូវរក្សាអព្យាក្រឹតភាព ឬការមិនចូលបក្សសម្ព័ន្ធជាមួយប្រទេសដទៃ និងទី២. អង្គការ NATO មិនត្រូវទទួលយកអ៊ុយក្រែនជាសមាជិកដាច់ខាត។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Izvestia កាលពីថ្ងៃចន្ទថា សន្ធិសញ្ញាសន្តិភាពយូរអង្វែងណាមួយ ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែបំពេញតាមការទាមទាររបស់រុស្ស៊ី។
លោក Grushko បន្ថែមថា រុស្ស៊ីក៏ទាមទារមិនឲ្យមានការមិនដាក់ពង្រាយអ្នកសង្កេតការណ៍ណាតូទៅកាន់អ៊ុយក្រែនផងដែរ ប៉ុន្តែលោកថា ការដាក់ពង្រាយអ្នកសង្កេតការណ៍ដែលគ្មានអាវុធក្រោយជម្លោះ នឹងអាចពិភាក្សាបាន លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចជាមុនសិន។
ការអះអាងបែបនេះរបស់លោក Grushko កើតឡើងបន្ទាប់ពីអង់គ្លេស និងបារាំង និយាយថា ពួកគេមានឆន្ទៈក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដើម្បីត្រួតពិនិត្យបទឈប់បាញ់ណាមួយនៅក្នុងអ៊ុយក្រែន។ ហើយអូស្ត្រាលីក៏បើកចំហចំពោះសំណើផងដែរ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា