BYD បញ្ចេញប្រព័ន្ធសាកភ្លើងថ្មី សាកថ្ម៥នាទី ជិះបានជាង ៤០០គីឡូម៉ែត្រ
បរទេស៖ ក្រុមហ៊ុនឡានអគ្គិសនីចិន BYD គ្រោងនឹងដាក់លក់ឡាន EV សេរ៊ីថ្មី របស់ខ្លួន
ជាមួយនឹងការសាកថ្មលឿនខ្លាំង ដូចទៅនឹងរយៈពេលនៃការចាក់សាំង របស់ឡាន ប្រើម៉ាស៊ីនធម្មតា។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុន BYD បង្ហាញព័ត៌មានស្តីពីបច្ចេកវិទ្យាប្រព័ន្ធថ្មចុងក្រោយរបស់ BYD សាកត្រឹម៥នាទី អាចធ្វើដំណើរបានចម្ងាយ250mile ឬ 402km ខ្លាំងជាងបច្ចេកវិទ្យាល្បឿនលឿន (Superchargers) របស់ Tesla ដែលប្រើពេលសាក ១៥នាទី ដើម្បីជិះបាន ២០០mile ឬជាង៣២០km។
ក្រុមហ៊ុនរថយន្តអគ្គិសនីដែលមានប្រវត្តិលក់បានច្រើនជាងគេលើពិភពលោកនេះបញ្ជាក់ថាបច្ចេកវិទ្យាថ្មីនេះបានធ្វើតេស្ត លើរថយន្តសេរីថ្មី ម៉ូឌែល Han L Sedan ហើយក្រុមហ៊ុនគ្រោងនឹងលក់ឡានអគ្គិសនី ឬ EV ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះ ជាផ្លូវការ នៅខែក្រោយ។
អំឡុងវេទិកាមួយ នៅក្នុងទីក្រុង Shenzhen កាលពីថ្ងៃចន្ទ ប្រធាន និងជាស្ថាបនិករបស់ BYD លោក Wang Chuanfu បាននិយាយថា ប្រព័ន្ធសាកថ្មល្បឿនលឿនថ្មីនេះ ត្រូវបានគេជឿថា នឹងជំរុញ BYD ទៅមួយកម្រិតទៀត ក្នុងការប្រជែង នឹងក្រុមហ៊ុន Tesla របស់អាមេរិក។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Tesla ក៏បានបញ្ចេញប្រព័ន្ធសាកថ្ម Superchargers ដែលអាចបន្ថែមចម្ងាយ រហូតដល់ ២៧៥គីឡូម៉ែត្រ ក្នុងរយៈពេល១៥នាទី។ រីឯ Mercedes-Benz Group របស់អាល្លឺម៉ង់ ក៏ទើបបានបញ្ចេញរថយន្តអគ្គិសនី CLA ដែលអាចបន្ថែមបានចម្ងាយ៣២៥គីឡូម៉ែត្រ ដោយគ្រាន់តែសាក ១០នាទី។
យ៉ាងណាមិញ លោក Wang បានអះអាងថា EV ក្រោយៗទៀត របស់ BYD នឹងអនុញ្ញាតឱ្យឡានសាកថ្ម ត្រឹម២វិនាទី តែអាចជិះបាន រហូតដល់ ១០០គីឡូម៉ែត្រ៕
ប្រភពពី Straitstimes ប្រែសម្រួល៖ សារ៉ាត
