ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦%
(ភ្នំពេញ)៖ ឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបានអត្រាព្យាបាលជោគជ័យ ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ ត្រឹមតែ ៩០% ដោយមានជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីសុខាភិបាល បំរើការងារនៅមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយរបស់សហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល ។
នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី ២៨ ប្រចាំឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានបន្តថា កម្មវិធីជាតិកំចាត់រោគរបេង មាន មណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១ កន្លែងនៅឆ្នាំ២០២៤។ យើងមានសេវា PPM-DOTS ក្នុង ១៥ខេត្ត និង ៥៨ស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២៤ ។
លោកប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំ ទ្រដល់កម្មវិធីជាតិ ដើម្បីឱ្យសម្រេចបានជាស្ថាពរ នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅ ចុងឆ្នាំ២០៣០ និងក្នុងបណ្តាឆ្នាំបន្ត ។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានមានប្រសាសន៍ថា នៅកម្ពុជា អត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះយ៉ាងខ្លាំង គឺអត្រាអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់នៅឆ្នាំ២០០០ មក ៨៣៥ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ ៤២% ។
អត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ ៥០% ផងដែរ។ ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវបានអបអរសាទរ និងកោតសរសើរ ចំពោះសមិទ្ធផលគួរជាទីមោទនៈនេះ ។ សម្រាប់ការងារកំចាត់រោគរបេង ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦ ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើន ដើម្បីបំពេញស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ








