សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ ៤ចំណុច ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ច លើកទី១ និងទិវាសង្គមកិច្ចពិភពលោក លើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយសម្តែងនូវអំណរសាទរ យ៉ាងក្រៃលែង និងគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានអត្ថន័យ និងសារៈសំខាន់នេះ ។

សម្តេច​ធិបតី បានបញ្ជាក់ថា ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឱ្យក្លាយជាទិវា​ជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញអំពីការយកចិត្តទុក​ដាក់ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹង​ពិភព​លោក ដើម្បីរួមចំណែក ធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ​ជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍ​សង្គម ដោយផ្អែកលើសិទ្ធិមនុស្ស ។

«ទិវាជាតិសង្គមកិច្ច» លើកទី១ និង «ទិវាសង្គមកិច្ចពិភពលោក» លើកទី១៨ ត្រូវបាន​រៀប​​ចំ ឡើង​ក្រោមប្រធានបទ «ពង្រឹងសាមគ្គីភាពអន្តរជំនាន់ ដើម្បីធានា​បានសុខុមាល​ភាព​យូរអង្វែង» ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវា​សង្គមគ្រប់ជំនាន់ ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាព​សម្រាប់​អនាគតដ៏ល្អប្រសើរ ក៏ដូចជា បង្ហាញអំពីតួនាទីរបស់​កម្លាំងសេវា​សង្គម​ដែលមានគុណ​តម្លៃ និងក្រមសីលធម៌ ចំណេះដឹង និងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន ។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ ៤ចំណុច ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវា សង្គមកិច្ច ឱ្យកាន់តែប្រសើរ រួមមាន ៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ ។

២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត ធ្វើការផ្សព្វផ្សាយដល់ សង្គមជាតិទាំងមូលឱ្យបានជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាជាតិសង្គមកិច្ចលើកទី១និង ទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។

៣-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំង សេវាសង្គម និស្សិតសិក្សាផ្នែកការងារសង្គមកិច្ច និងអ្នកពាក់ព័ន្ធ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងគ្រប់ស្ថាប័នផ្តល់សេវាសង្គមនៅក្នុងមូលដ្ឋានរៀងៗខ្លួន ។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់ មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អ ប្រសើរថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner