អ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបចំពោះការលើកឡើងរដ្ឋាភិបាលកាណាដា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមានសន្តិសុខ​សុវត្ថិ​ភាពមិនគួរឱ្យព្រួយបារម្ភ ដូចជាការលើកឡើងរបស់រដ្ឋាភិបាលកាណាដានោះទេ ភ្ញៀវអន្តរជាតិជារាល់ថ្ងៃជាមធ្យម គឺចូលមកទឹកដីកម្ពុជាប្រមាណជា៥ម៉ឺននាក់។ ភ្ញៀវទេសចរបរទេសមកទេសចរណ៍នៅកម្ពុជាអត់មានអ្វីព្រួយបារម្ភទេ គឺដើរលេងសប្បាយ មិនដូចជាការជូនដំណឹងរបស់រដ្ឋាភិបាលកាណាដា​ដល់ប្រជាពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នពេលមកកម្ពុជានោះទេ។ ការលើកឡើងនេះ វាហាក់បីដូចជាកម្ពុជាអសន្តិសុខ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាណាដាតាមរយៈ​គេហទំព័ររបស់ខ្លួនបានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ្ឋរបស់ខ្លួននៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដោយក្នុងនោះរដ្ឋាភិបាលកាណាដាបានលើកឡើងពីសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ ការប្រើប្រាស់អំពើហិង្សា និងអំពើឆបោកភ្ញៀវ​ទេសចរបរទេសនៅក្រោមរូបភាពជាច្រើន។

បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទាក់ទងភ្ញៀវ​អន្តរជាតិជារាល់ថ្ងៃ ជាមធ្យមគឺមានភ្ញៀវបរទេសចូលមកទឹកដីកម្ពុជាប្រមាណជា៥ម៉ឺននាក់។ ក្នុងនោះ បើមកពីអង់គ្លេស អាមេរិក ជាមធ្យមក្នុងមួយថ្ងៃ៦០០នាក់។ កំណើនបរទេស បូកនឹងភ្ញៀវទេសចរមានការកើនឡើង​ជាប្រចាំទោះមើលប្រាសាទអង្គរវត្ត ទៅមើលតំបន់ទេសចរណ៍ទៅមើលកន្លែងនេះ​កន្លែងនោះ​ ក្នុងរាជធានីភ្នំពេញជនបរទេសដើរហើរដោយសេរីអត់មានការព្រួយអត់​មានការបារម្ភ។ ទាំងឡានៗមកទេសចរណ៍នៅកម្ពុជាអត់មានអ្វីដែលព្រួយបារម្ភ​ហួស​ហេតុ​ហួសប្រមាណពីសំណាក់បណ្តាទូតមួយចំនួនដែលជូនដំណឹងហាក់​បីដូចជាកម្ពុជាអសន្តិសុខ ហើយសូមឱ្យការជូនដមនឹងនោះប្រកប​ដោយ​វិជ្ជាជីវៈនៃការជូនដំណឹងឱ្យពិតប្រាកដត្រឹមត្រូវ កុំឱ្យប៉ះទង្គិចផ្នែក​ទំនាក់ទំនងអន្តរជាតិ នយោបាយការបរទេស។

អ្នកនាំពាក្យដដែលបានបន្តថា ការឆក់ ការលួច ការប្រើអំពើហិង្សា គឺមានការថយចុះ ពោលសមត្ថកិច្ចជំនាញគ្រប់គ្រងបាន។ ការឆក់ភ្ញៀវបរទេស អ្នកទេសចរបរទេស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ បើទោះបីជាយូរៗមានករណីមួយ គឺសមត្ថកិច្ចបានដុតដៃដុតជើងនៅក្នុងការចេញទៅបង្ក្រាបរហូតដល់បណ្តេញចាប់ជនល្មើសបានយកមកផ្តន្ទាទោស ហើយប្រគល់សម្ភារៈផ្សេងៗឲ្យទៅភ្ញៀវបរទេស ហើយភ្ញៀវបរទេសក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា។ នៅស្រុកណាក៏ដោយ គេជៀសមិនផុតអំពីមានករណីចោរលួចចោរឆក់។ តើកាណាដាខ្លួនឯងគ្មានបទល្មើសនឹងឬយ៉ាងម៉េច? ពិភពលោកទាំងមូល គឺគ្មានបទល្មើស និងមានតែកម្ពុជាមួយឬក៏យ៉ាងម៉េច? គឺគ្មានទេ គ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក គឺជៀសមិនផុតពីមានបទល្មើសទាំងអស់នឹងទេ រួមទាំងបទល្មើសធ្ងន់ៗ បទល្មើសឧក្រិដ្ឋថែមទៀតផង។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តទៀតថា ការផ្សព្វផ្សាយរបស់រដ្ឋាភិបាលកាណាដា គឺបារម្ភអំពីសន្តិសុខ ឬក៏សុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ប៉ុន្តែមិនបានគិតអំពីកច្ចសហប្រតិបត្តិការ ឬក៏នយោបាយការបរទេសជាមួយគ្នា ឬក៏ទំនាក់ទំនងការបរទេសជាមួយនិងរដ្ឋឯករាជ្យដែលកាណាដាកំពុងដាក់ស្ថានទូតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេ។ ក្នុងទំនាក់ទំនងការទូតគេកម្រណាស់នៅក្នុងការនិយាយអំពីចំណុចអវិជ្ជមានរបស់រដ្ឋនិមួយៗដែលជាដៃគូររបស់ខ្លួន។ ប៉ុន្តែមិនមែនមានន័យថា មិនឲ្យមានយោបល់ មិនឲ្យនិយាយ មិនឲ្យជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួននោះទេ។ ប៉ុន្តែការជូនដំណឹងខ្លះវាមិនមែនជាការជូនដំនឹងដោយសុច្ចចិត្តវាគឺជាការជះឥទ្ធិពលអវិជ្ជមានមកដល់រដ្ឋអធិបតេយ្យមួយទៀតដោយខ្លួនជូនដំណឹងទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន។

អ្នកនាំពាក្យដដែលយល់ឃើញថា បើសិនជាក្នុងក្របខណ្ឌដូចដែលការផ្សព្វ​ផ្សាយពី​​បណ្តាញ​សារព័ត៌មានដែលបានចុះផ្សាយ កាណាដាមានឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា អាចមកជួបពិភាក្សាការងារជាមួយតួអង្គពាក់ព័ន្ធរបស់កម្ពុជាបាន។ ឧទាហរណ៍ដូចជា ជាមួយក្រសួងមហាផ្ទៃ ជាមួយនឹងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយនឹងក្រសួងការបរទេស និងតួអង្គពាក់ព័ន្ធផ្សេងៗដទៃទៀត។ កម្ពុជាបើកចំហរបណ្តាទូតទាំងអស់តំណាងឱ្យរដ្ឋរបស់ខ្លួននៅលើទឹកដីកម្ពុជា គឺកម្ពុជាទទួលស្វាគមន៍នៅក្នុងការជួបពិភាក្សាការងារជជែកគ្នាទាំងអស់។ នេះហើយគេហៅថា ទំនាក់ទំនងការទូត នយោបាយការបរទេសល្អប្រសើរ។ ជៀសវាងការចាប់ដៃគ្នាជាន់ជើងពីខាងក្រោម ឬក៏ចាប់ដៃម្ខាង ដៃម្ខាងទៀតនៅខាងក្រោយកាន់កាំបិតកាន់ពូថៅ វាមិនមែនជារឿងនយោបាយការទូតសុទ្ធចិត្តទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទៀតថា ការជូនដំណឹងការផ្សព្វផ្សាយតាមរយៈបណ្តាទូតនេះ មិនមែនជាលើកទី១ ទេ យើងមិនចង់ឆ្លើយតប ហើយក៏មិនចាប់អារម្មណ៍ដែរ ពីព្រោះយើងបានដឹងរួចមកហើយថា បណ្តាទូតនៃប្រទេសមួយចំនួនតែងតែធ្វើបែបនេះ ធ្វើបែបនេះ វាគឺជាតួនាទីភារកិច្ចរបស់ពួកគាត់ដើម្បីឱ្យរួចពីការទទួលខុសត្រូវក្នុងក្នុងលក្ខខណ្ឌណាមួយដែលប្រជាជនរបស់ពួកគាត់មកមានបញ្ហា។ ក៏ប៉ុន្តែលក្ខខណ្ឌខ្លះវាមិនមែនររឿងនឹងវាគឺជារបៀបវារៈផ្សេងតែយើងមិនចោទប្រកាន់ទេ ហើយចង់សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាព ហើយសន្តិសុខក៏ល្អប្រសើរ គឺគ្រប់គ្រងបាន ប៉ុន្តែបទល្មើសដែលកើតឡើងបែបនេះបែបនោះប្រភេទនេះប្រភេទនោះ វាគឺជារឿងសង្គមទាំងមូលវាគឺជារឿងធម្មជាតិរបស់ពិភពលោក ប្រទេសណាក៏ដូចជាប្រទេសណាវាតែងតែមានបទល្មើស ប៉ុន្តែមិនមែនមានន័យថាយើងចង់ឱ្យកើតទេ។ តែយើងបានបង្ការទប់ស្កាត់ដោយការដាក់ប៉ុស្តិ៍ដាក់គោលដៅការល្បាតជំនាញផ្សេងៗ និងការចាត់វិធនាការនានាដទៃៗទៀត ហើយក្នុងក្របខណ្ឌបទល្មើសដែលវាកើតឡើង គឺទោបង្ក្រាបបានទាន់ពេលទាន់វេលា៕
ដោយ៖ពលជ័យ

ads banner