Zelensky គាំទ្រការព្រមព្រៀងរវាងត្រាំនិងពូទីន
បរទេស៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញការគាំទ្រដល់ការព្រមព្រៀងគ្នា តាមទូរស័ព្ទ រវាងលោក ត្រាំ និងលោក ពូទីន ជុំវិញបទឈប់បាញ់ លើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky កាលពីយប់ថ្ងៃអង្គារ បានធ្វើសន្និសីទសារព័ត៌មាន តាមវីដេអូ Zoom បង្ហាញពីការគាំទ្រ សម្រាប់បទឈប់បាញ់ រយៈពេល ៣០ថ្ងៃ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្រោយប៉ុន្មានម៉ោង ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រម អំឡុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។
ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានចោទប្រកាន់លោក Putin ថា កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី «ធ្វើឱ្យអ៊ុយក្រែនចុះខ្សោយ» ខណៈដែលមេដឹកនាំរុស្ស៊ី បានបដិសេធបទឈប់បាញ់ពេញលេញ លុះត្រាតែលោកខាងលិចបញ្ឈប់ជំនួយយោធាទាំងអស់ ដល់ទីក្រុង Kyiv ។
ជុំវិញបទឈប់បាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពល លោក Zelensky ក៏ទទូចចង់ឃើញ “ព័ត៌មានលម្អិត” ផងដែរ។
គួរបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទ ជាលើកទី២ រយៈពេល១ម៉ោងកន្លះ លោក ត្រាំ និងលោក ពូទីន បានព្រមព្រៀងគ្នាថា រុស្ស៊ីផ្អាកវាយប្រហារត្រឹមតែ ហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែ ពុំមានជាបទឈប់ ដូចអ៊ុយក្រែនព្រមព្រៀង ជាមួយអាមេរិកទេ។
យ៉ាងណាមិញ លោក Trump បានសាទរការហៅទូរស័ព្ទនេះថា «ល្អ និងផលិតភាព» ហើយបានទទូចថា លោកមាន “ការយល់ដឹង” ជាមួយពូទីន ដើម្បីធ្វើការយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកបទឈប់បាញ់ពេញលេញ និងការដោះស្រាយកាន់តែទូលំទូលាយ ចំពោះសង្រ្គាមដែលមានរយៈពេល ៣ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត