វេណេស៊ុយអេឡាស្នើឱ្យយូអិនការពារជនជាតិខ្លួន ដែលអាមេរិកបញ្ជូនទៅគុកអែលសាវ៉ាឌ័រ

ការ៉ាកាស់ ៖ មេដឹកនាំវេណេស៊ុយអេឡាប្រកាសក្តែងៗថា ខ្លួននឹងស្នើឱ្យអង្គការសហប្រជាជាតិ ការពារសិទ្ធិជនចំណាកស្រុកវេណេស៊ុយអេឡា ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនទៅញាត់គុកធំនៅអែលសាវ៉ាឌ័រ ដោយចោទប្រកាន់ថា ពួកគេជាសមាជិកក្រុមក្មេងទំនើង និងសង្គមងងឹត។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ថ្ងៃនេះ ខ្ញុំកំពុងចុះហត្ថលេខាលើសំណើជាច្រើនផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកឧត្តមស្នងការសិទ្ធិមនុស្ស និងស្ថាប័នផ្សេងទៀត ដើម្បីការពារបុរស និងស្ត្រីវេណេស៊ុយអេឡា។

ជាមួយគ្នានេះ លោក ម៉ាឌូរ៉ូ ក៏នឹងស្វែងរកវិធីជួយជនរួមជាតិរបស់គាត់ ដែលលោកបានអះអាងថា ពួកគេ “មិនមែនជាឧក្រិដ្ឋជន” ដើម្បីធ្វើមាតុភូមិនិវត្តន៍ពីគុកដ៏ធំនៅអែលសាវ៉ាឌ័រ។ រីឯប្រធានសភាវេណេស៊ុយអេឡាក៏បាននិយាយដែរថា ការបណ្តេញជនជាតិវេណេស៊ុយអេឡាចេញពីអាមេរិកនេះ គឺជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

លោកប្រធានាធិបតី ត្រាំ បានជំនះប្រើប្រាស់ ច្បាប់សម័យសង្គ្រាម Alien Enemies Act of 1798 ឬ ច្បាប់ប្រឆាំងសត្រូវបរទេសរបស់សហរដ្ឋអាមេរិកឆ្នាំ១៧៩៨ ដែលមានអាយុកាលជាង២០០ឆ្នាំ ដើម្បីបណ្តេញជនអន្តោប្រវេសន៍។

លោក ត្រាំ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដោយប្រើប្រាស់ច្បាប់ អាយុកាល ២២៧ឆ្នាំនេះ ដើម្បីបណ្តេញក្រុមសង្គមងងឹតវេណេស៊ុយអេឡា «Tren de Aragua» ២៣៨ នាក់ចេញពីទឹកដីអាមេរិក ទៅញាត់គុកដ៏ធំនៅអែលសាវ៉ាឌ័រ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner