រយៈពេល ៥ឆ្នាំ ចំនួនប្រជាជនកើនឡើង ១លាន៧សែនាក់ ខណៈប្រជាជនកម្ពុជាសរុបចំនួន ១៧លាន២៨ម៉ឺន៥៤៣នាក់

(ភ្នំពេញ)៖ ក្នុងរយៈពេល ៥ឆ្នាំ រវាងឆ្នាំ២០១៩ និងឆ្នាំ២០២៤ ចំនួនប្រជាជនមានការកើនឡើង ១,៧លាននាក់ ខណៈគិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាជនកម្ពុជាសរុបមានចំនួន ១៧លាន ២៨ម៉ឺន៥៤៣នាក់ ក្នុងនោះស្ត្រីមាន ៨លាន ៧៩ម៉ឺន ១២៥នាក់ ស្មើនឹង ៥០,៩ភាគរយ នៃចំនួនប្រជាជនសរុប ស្របពេលដែលចំនួនខ្នងផ្ទះក្នុងប្រទេសកម្ពុជាមានការកើនឡើងពី ៣លាន ១៨ម៉ឺន ១ ៣៧២ខ្នងផ្ទះ នៅឆ្នាំ២០១៩ ដល់ ៣លាន ៧៣ម៉ឺន ៥ ៦៥៩ខ្នងផ្ទះ នៅឆ្នាំ២០២៤ ។ ភាគរយនៃស្ត្រីជាមេ គ្រួសារ បានកើនឡើង ២,១ ភាគរយ ក្នុងរយៈពេល ៥ឆ្នាំ ពោល គឺ ២៥,៦ ភាគរយនៅឆ្នាំ២០១៩ និង ២៧,៧ភាគរយ នៅឆ្នាំ២០២៤ ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ ក្នងពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជា ឆ្នាំ២០២៤ នៅណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម ប៊ិន ត្រឈៃ បានមានប្រសាសន៍ថា អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តល់ទឡីករណ៍ដ៏ជាក់លាក់សម្រាប់វាយ តម្លៃពីផែនការយុទ្ធសាស្ត្រជាតិ និងការអភិវឌ្ឍ នាពេលអនាគត។ ទិន្នន័យស្ថិតិនេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់វាស់វែង និងរៀបចំគោលនយោបាយក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រី្ត បានបញ្ជាក់ថា របាយការណ៍លទ្ធផលចុងក្រោយ នៃ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ តាមកាលបរិច្ឆេទយោងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាអង្កេតចន្លោះជំរឿនប្រជាជនលើកទី៣ ក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រជាសាស្ត្រ ក្រោយពីការធ្វើជំរឿនប្រកបដោយជោគជ័យ នៅឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ។

ឯកឧត្តមរដ្ឋមន្រី បានបញ្ជាក់បន្ថែមថា របាយការណ៍ ដែលត្រូវបានទាញចេញពីអង្កេតនេះ មិនទាន់ចប់ ត្រឹមរបាយការណ៍លទ្ធផលចុងក្រោយ ដែលប្រកាសផ្សព្វផ្សាយនាឱកាសនេះឡើយ គឺនៅមានរបាយការណ៍វិភាគស៊ីជម្រៅ ចំនួន ១៦ប្រធានបទ និងរបាយការណ៍តាមបណ្តារាជធានី ខេត្តទាំង២៥ ដែលកំពុងតែរៀបចំ និង គ្រោងប្រកាសផ្សព្វផ្សាយនៅ ត្រីមាសទី៣ ក្នុងឆ្នាំ២០២៥ ។ ក្រោយពេលពិធីប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់ មន្ត្រីជំនាញ វិទ្យាស្ថានជាតិស្ថិតិ នឹងធ្វើបទបង្ហាញលម្អិតពីលទ្ធផល នៃអង្កេត ព្រមទាំងមានការកំណត់ តាមនិយាមបទដ្ឋានជាក់លាក់ អាចជឿទុកចិត្តបាន ។ លទ្ធផលចុងក្រោយនៃអង្កេតនេះ ត្រូវបានបោះពុម្ពផ្សព្វផ្សាយ ដើម្បីផ្តល់ជូននូវព័ត៌មាន ស្តីពីរចនាសម្ព័ន្ធប្រជាសាស្ត្រ ស្ថានភាពអប់រំ ស្ថានភាពការងារ លទ្ធភាពមានកូន មរណភាព ចរឹតលក្ខណៈផ្ទះសម្បែង ដើម្បីបំពេញ តម្រូវការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ តាមវិស័យជាច្រើន ដើម្បីគាំទ្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ប៊ិន ត្រឈឺ ជឿជាក់ថា របាយការណ៍លទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ នឹងផ្តល់អត្ថប្រយោជន៍ ដល់ក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន សម្រាប់ប្រើប្រាស់ សំដៅសម្រេចបានការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលបម្រើដល់គុណប្រយោជន៍ជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner