សន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅ ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ សន្និបាតអាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តកណ្តាល បានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ។
ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានសំដែងការអបអរសាទរសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ដែលបានរៀបចំមហាសន្និបាតអាណត្តិទី៤ដោយផ្អែកតាមលក្ខន្តិកៈរបស់សមាគម ។ សន្និបាត គឺជាអង្គធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមទាក់ទងនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ច ដូចជាក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិ និងថ្នាក់ដឹកនាំ សមាគម។ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កំពុងជំរុញដំណើរការរៀបចំមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្តនៅទូទាំងប្រទេស។ ដូច្នេះជាការចាំបាច់ដែលត្រូវពិនិត្យឡើងវិញ លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅតាមរាជធានី ខេត្ត។ ដើម្បីឱ្យអង្គអភិបាលកិច្ចសមាគមនៅអាណត្តិទី៤ មានបរិយាបន្ន សម្ព័ន្ធភាពជាតិបានបង្កើតក្រុមការងារដែលបានជួយពិនិត្យ និងផ្តល់យោបល់លើការរៀបចំរចនាសម្ព័ន្ធអង្គអភិបាលកិច្ចរបស់សមាគមទាំងអស់។
ឯកឧត្តម សយ កុសល ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមខេត្តកណ្តាល ក្នុងរយៈកាល ៥ឆ្នាំកន្លងមក ដោយនាំមកនូវសមិទ្ធផលជាច្រើនជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។
ថ្លែងនៅក្នុងសន្និបាត អាណត្តិទី៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នាឱកាសនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ៖ មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែល សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្តាល បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេច បានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រធាន និងសមាជិកក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត បន្ទាប់ពីត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៥ឆ្នាំ តាមរយៈមហាសន្និបាតលើកទី៣។ មហាសន្និបាតអាណត្តិទី៤នេះ គឺជាឱកាសដែលប្រតិភូមហាសន្និបាត ដែល ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធនឹងបានយល់ ដឹងអំពីសមិទ្ធផលដែល សមាគមសម្រេចបាននៅក្នុងអាណត្តិទី៣ និងទិសដៅការងារ ដែលត្រូវអនុវត្តបន្តនៅអាណត្តិទី៤។
ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្តដល់ លោក លោកស្រី ជាប្រតិភូចូលរួមក្នុង មហាសន្និបាតនេះ មេត្តាយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សា និងអនុម័ត លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងនេះក្នុងបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច គោលបំណង និងដំណើរការរបស់សមាគមក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកណ្តាលបានលើកឡើងថា៖ សន្និបាតត្រូវរៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តងនៅខេត្តកណ្តាល ក្នុងគោល បំណងបូកសរុប និងឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ និងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកបានពិនិត្យ ឆ្លុះបញ្ចាំងរៀនសូត្រពីគ្នាទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយនានាបន្តទៅមុខព្រមទាំងកែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានសមាគម សមាជិកក្រុមប្រឹក្សាសមាគម និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសមាគម ព្រមទាំងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា សមាគមលើកទី១ សម្រាប់អាណត្តិទី៤ របស់សមាគម ៕





ប្រភព ៖ ព័ត៌មាន ខេត្តកណ្តាល