សម្ដេចធិបតី ណែនាំឱ្យក្រសួងនីមួយៗគិតគូរ និងធ្វើទំនើបកម្ម​លំហូរការងារ ដោយផ្តោតទៅលើការ កាត់បន្ថយនីតិវិធី តម្រូវ​​ការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងណែ​នាំ​ឱ្យក្រសួងនីមួយៗ គិតគូរ និងធ្វើទំនើបកម្មលំហូរការងារ ដោយ​ផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការ​ប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានច្រើន ដើម្បីបង្កើន​ប្រ​សិទ្ធ​ភាពការងាររបស់ក្រសួង ស្ថាប័ន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្ឡែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែន​សុខ រាជធានីភ្នំពេញ ។

សម្តេចធិបតី បានបញ្ជាក់ថា ការថែទាំ ការពង្រឹងលំហូរការងារ និងប្រសិទ្ធភាពនេះ គឺជាផ្នែកសំខាន់ នៃកំណែទម្រង់ ។ ការគិត​ពី​លំហូរការងារនេះ គឺត្រូវផ្តោតទៅលើការការកាត់បន្ថយនីតិវិធី តម្រូវការឯកសារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ស្ថាប័ន ។

សម្តេចបវរធិបតី បញ្ជាក់ថា គ្រាន់តែសេវាសាធារណៈ​នៅក្នុង​រដ្ឋា​ភិបាលយើង ទូទាំងរដ្ឋាភិបាល ទាក់ទងនឹងស្ថាប័នផ្សេងៗ ជាង ៣០០០សេវា ហើយឯកសារជួនកាល ឯកសារ ២, ៣ កន្លែង គាត់ត្រូវការ តម្រូវការឯកសារដដែលៗ ។ ចួនកាល ឯកសារជាន់គ្នា ។ កន្លែងខ្លះ ត្រូវការអត្តសញ្ញាណបណ្ណ ត្រូវ​ការបណ្ណគ្រួសារ ត្រូវការសំបុត្រកំណើត នៅពេលដែល​កិច្ច​ការ​ហ្នឹង អត់ត្រូវការទេ ហើយដល់ពេលទៅរកសេវាមួយទៀត ទាម​ទារដូចគ្នា ។ បើសិនជាយើងធ្វើបែបនេះ យើងនឹងមិនអាច​ដើរ​លឿនទេ ។ រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធី របៀបរបប​ការ​ងារយើង មិនទំនើបកម្ម ឱ្យស្របទៅតាមស្ថានភាពទេ យើងក៏​លំ​បាកដែរ ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យ​ក្រសួង​ពាណិជ្ជ ពិនិត្យឡើងវិញ តម្លៃ នៃសេវាសាធារណៈ​នៅ​កន្លែងខ្លះ មានការកើនជាងអាណត្តិមុនទៅទៀត ដែលហាក់​ផ្ទុយ​នឹងគោលបំណង នៃកំណែទម្រង់ ដែលមានគោល​ដៅធ្វើ​ឱ្យសេវាសាធារណៈ កាន់តែទាប រហ័ស និងមានប្រសិទ្ធភាព​នោះ ។ សម្ដេចថា ក្រសួងពាណិជ្ជកម្ម ត្រូវមើលរឿងហ្នឹង​ឱ្យ​ច្បាស់។ យើងកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងវាចុះ មិនឱ្យ​កើន​ទេ។ ពិនិត្យមើល ទាំងផ្លូវការ ទាំងក្រៅផ្លូវការ ។ កាត់បន្ថយ​តាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ។ កាត់បន្ថយ​នីតិ​វិធី​សាំញ៉ាំ ហើយឌីជីថលឱ្យបានច្រើន ។

នៅក្នុងវេទិកានេះ សម្តេចធិបតី សង្ឃឹមថា ក្រុមការងារពាក់ព័ន្ធ នឹងជជែកគ្នា រកវិធីកាត់នីតិវិធីស្មុគស្មាញ ធានាតម្លៃសេវាទាប​សមរម្យ និងពិសេស ធានាបាននូវការគ្រប់គ្រងទិន្នន័យេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner