លោក Zelensky ចោទលោក Putin ថា មិនគោរពតាមបទឈប់បាញ់
កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធ បានចោទប្រកាន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនគោរពតាមបទឈប់បាញ់ ហើយថា លោកត្រៀមខ្លួនជាស្រេច ក្នុងការសងសឹករុស្ស៊ីវិញ។
បើតាមលោក ហ្សេលេនស្គី មួយថ្ងៃមុននេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជាឱ្យផ្អាករយៈពេល ៣០ថ្ងៃ លើការវាយប្រហារថាមពលអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវបានមើលឃើញការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យនៅ Sumy ដូច្នេះសបញ្ជាក់ថា ថ្ងៃនេះ លោក ពូទីន បានរំលោភបទឈប់បាញ់។
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានចោទរុស្ស៊ីថា មិនគោរពតាមបទឈប់បាញ់ដែលគាំទ្រដោយរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ក្រោយមានសេចក្តីរាយការណ៍ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីក៏បានយល់ព្រមផ្អាកការវាយលុកលើបណ្តាញថាមពលអ៊ុយក្រែនផងដែរ។
លោក ហ្សេលេនស្គី បានបង្ហោះសារលើវេទិកា X ថា ជំហានដំបូងឆ្ពោះទៅបញ្ចប់សង្រ្គាមពេញលេញ គឺបញ្ចប់ការវាយប្រហារលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត។ ខ្ញុំបានគាំទ្រជំហាននេះ ហើយអ៊ុយក្រែនបានបញ្ជាក់ច្បាស់ៗហើយដែរថា យើងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តវា។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ទៀតថា ក្រុមមន្ត្រីមកពីអ៊ុយក្រែន និង អាមេរិក គ្រោងជួបប្រជុំគ្នាសាជាថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខសម្រាប់កិច្ចចរចាសន្តិភាពជុំទីពីរ និងដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការអនុវត្តបទឈប់បាញ់មួយផ្នែកទៀត៕





ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា