អ្នកនៅជុំរុំមីយ៉ាន់ម៉ា១លាននាក់ប្រឈមស្លាប់ក្រោយអស់ជំនួយ
បរទេស ៖ ជំរុំសង្គ្រោះជនភៀសខ្លួនមីយ៉ាន់ម៉ា ទទួលបានជំនួយចុងក្រោយ របស់កម្មវិធីស្បៀងអាហារពិភពលោក ខណៈពេលដែលមានការចាប់ផ្តើម កាត់បន្ថយជំនួយ ប៉ះពាល់ដល់មនុស្ស ១លាននាក់ ដែលអាចឈានដល់ការបាត់បង់ជីវិត ព្រោះតែអត់អាហារ។
អ្នករស់នៅក្នុងជំរុំ ទទួលបានការផ្គត់ផ្គង់ចុងក្រោយ ពីកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP កាលពីថ្ងៃពុធ ខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ ចាប់ផ្តើមបញ្ឈប់ជំនួយស្បៀងអាហារ ដល់ប្រជាជនមួយលាននាក់ នៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាម ព្រោះតែការខ្វះខាតថវិកា។
អ្នកដឹកនាំ នៅជំរុំ Waingmaw Lisu Baptist Association Camp 2 នៅព្រំដែនភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា «វានឹងនាំទៅរកភាពអត់ឃ្លាន និងបណ្តាលឱ្យមនុស្សជាច្រើន នៅក្នុងជំរុំ ស្លាប់»។
ការកាត់បន្ថយថវិកាជំនួយ របស់ប្រធានាធិបតីអាមេរិក Donald Trump បានរួមចំណែកដល់ ការខ្វះខាតថវិកាដ៏ស្រួចស្រាវ សម្រាប់កម្មវិធីស្បៀងអាហារពិភពលោក ដោយបង្ខំឱ្យខ្លួនកាត់បន្ថយយ៉ាងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានសង្គ្រាមស៊ីវិល អូសបន្លាយ រយៈពេល៤ឆ្នាំ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ដែលជាអតីតម្ចាស់ជំនួយ ផ្តល់មក WFP ដ៏សំខាន់ បានសម្រេចដកថវិការបស់ខ្លួន ចំនួន ៤២.៨ពាន់លានដុល្លារ តាមការបញ្ជា របស់លោក Trump៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត