អនុប្រធានទី១រដ្ឋសភា៖ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ

ភ្នំពេញ៖រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមជាមួយ​ធនាគារ​ជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំ​សិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”​នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ​ប្រធានទី១ រដ្ឋសភាបញ្ជាក់ថា « ប្រាក់រៀល បានលើក​ស្ទួយអត្ត​សញ្ញាណ​ជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិ​យម​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា។ ដូច្នេះការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោល​នយោបាយរូបិយវត្ថុ ដែលជួយក្នុង​ការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយ​ចីរភាព»។

ចំណែកឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចអំពី​ប្រវត្តិនៃ​ការកកើត​ប្រាក់រៀល ការចាប់បដិសន្ធិធនាគារជាតិកម្ពុជា និងបានរំលេច​អំពីកិច្ចខិតខំប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំ​ក្នុងការដាក់ឱ្យដំណើរ​ការប្រាក់រៀលឡើងវិញ ក្រោយពីប្រទេសជាតិទើបរំដោះ​ពីរបបខ្មែរ​ក្រហម នាថ្ងៃ ៧ មករា ១៩៧៩ ដែលបង្ហាញពីការ​គិតគូរ​យ៉ាង​ហ្មត់ចត់ និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះ​ទៅលើភាព​ចាំបាច់នូវការមានរូបិយ​វត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ច​ឡើងវិញពីបាតដៃទទេ ។

ឯកឧត្តម ឈាង វុន គូសបញ្ជាក់ថា « ទិវាប្រាក់រៀល នឹងបន្តជា​វេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀល និងមានការ​ចូលរួមយ៉ាងផុលផុសពីគ្រប់ស្ថាប័ន ក្នុងការលើកស្ទួយការប្រើ​ប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំង​ស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម។ រដ្ឋសភាត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារ​ជាតិនៃកម្ពុជា និងរាជរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញ​ការប្រើប្រាស់ប្រាក់រៀល»។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មាន​ប្រសាសន៍ថា កាលពី៤៥ឆ្នាំមុន ប្រាក់រៀលបានត្រូវ​ដាក់ចេញ​ឱ្យចរាចរឡើងវិញដើម្បីរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិនិង គាំទ្រដំណើរការ​ស្តារ​សេដ្ឋកិច្ចជាតិចេញពី​បាតដៃទទេក្រោយរបបប៉ុលពតដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ចនិងសង្គមជាតិ។លោកជំទាវបន្តថា ដោយសារការអូសបន្លាយសង្គ្រាម​ស៊ីវិលជាងបីទសវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់​រៀលមិនឱ្យចរាចរ​ទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបាន​បាត់បង់​ទាំង ស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទសវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួល​យក​ប្រាក់ដុល្លារអាមេរិក​មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។

លោកជំទាវទេសាភិបាល បានលើកឡើងថា ទោះជាយ៉ាងណា​ក៏ដោយ នារយៈពេល២ទសវត្សរ៍ចុងក្រោយ ក្រោមដំបូល​សុខសន្តិភាព​ដែលទទួលបានពីនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សស្ទើរ​គ្រប់វិស័យ ហើយតម្លៃ​ប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយ​កម្រិតទាបនៃអតិផរណា»។
លោកជំទាវបន្ថែមថាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើ​ប្រាក់រៀលនិងបង្កើតឧបករណ៍​រូបិយវត្ថុជាប្រាក់រៀល ៕
ដោយ៖ ហេង សម្បត្តិ
រូបភាព៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner