ទុកពេល៣០ថ្ងៃសម្រាប់អ្នកមិនទាន់ចាកចេញពីសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យដែលទ្រុឌទ្រោមខ្លាំង សូមចាកចេញជាបន្ទាន់
ភ្នំពេញ៖ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចុះលើកស្លាកប៉ាណូស្តីពីការចាត់វិធានការបញ្ជៀសគ្រោះថ្នាក់ បិទច្រកជណ្តើរនៅអគារចាស់ទ្រុឌទ្រោមខ្លាំង អតីតអគារអង្គរមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងនិងផ្លូវលេខ១២៨ (មហាវិថីកម្ពុជាក្រោម) ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានស្តីពីការចាត់វិធានការបញ្ជៀសគ្រោះ ថ្នាក់ចំពោះសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ បានប្រាប់សាធារណជនថា ការវាយតម្លៃគុណភាព និងសុវត្ថិភាពសំណង់អគារនេះត្រូវបានចាត់ថ្នាក់ជា សំណង់ដែលមានសភាពគ្រោះថ្នាក់ និងអាចកើតឡើងគ្រោះថ្នាក់ភ្លាមៗដោយយថាហេតុណាមួយ ។ ដើម្បីបង្ការគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត អ្នកជិតខាង និង សាធារណជន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់ចាកចេញពីសំណង់អគារនេះ ដែលមានសភាពគ្រោះថ្នាក់ រកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ។

តាមរយៈសេចក្តីប្រកាសដដែលបានទុកពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសព័ត៌មាន សម្រាប់ប្រជាពលរដ្ឋដែលពុំទាន់ចាកចេញ សូមចាកចេញ។បន្តមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ រួម រដ្ឋបាលរាជធានីភ្នំពេញ និង មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងសំណង់អគារដែលមានសភាពគ្រោះថ្នាក់នេះ ។នឹងធ្វើការហ៊ុព័ទ្ធ ហាមចូល និង ហាមការប្រើប្រាស់សំណង់អគារចាស់ទ្រុឌទ្រោមនេះ ។នឹងរុះរើសំណង់ទាំងមូលឬផ្នែកណាមួយដែលអាចបង្កគ្រោះថ្នាក់៕
ដោយ៖ហេង សម្បត្តិ
រូបភាព៖ថេត សម្បត្តិ


