ទន្ទឹមនឹងលទ្ធផលកំចាត់របេងឆ្នាំ២០២៤ល្អ កម្ពុជាប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចប់របេងនៅចុងឆ្នាំ២០៣០
ភ្នំពេញ៖សន្និបាតបូកសរុបការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ដោយទទួលបានលទ្ធផលខ្ពស់លើសការរំពឹងទុក និងប្តេជ្ញាបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ ឱ្យជោគជ័យតាមការគ្រោងទុក ។ ពិធីបិទបញ្ចប់សន្និបាតបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍បង្ហាញថា កម្មវិធីជាតិកំចាត់រោគរបេង បានសម្រេចការបន្តរក្សាបានអត្រាព្យាបាលជោគជ័យជាង ៩០ភាគរយនិងបានស្រាវជ្រាវរកឃើញជំងឺរបេងគ្រប់សណ្ឋានសរុបចំនួន ៣៣ ៧៩៦ករណី ។

កម្ពុជាបានកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងគួរឱ្យកត់សម្គាល់ដោយអត្រាឈឺ ឬអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម៣៣៥ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ៤២ភាគរយ ។ចំណែកអត្រាស្លាប់បានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលធ្លាក់ចុះ ៥០ភាគរយ ។

មន្រ្តីជំនាញបានអះអាងថា បើទោះជាកម្ពុជានៅមានករណីជំងឺរបេងច្រើននៅឡើយ ប៉ុន្តែបញ្ហាប្រឈមមួយចំនួន ត្រូវដោះស្រាយ ដើម្បីឱ្យកម្មវីធីជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅចុងឆ្នាំ២០៣០ ក្នុងបំណងកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០ភាគរយនិងអត្រាស្លាប់ ៩០ភាគរយ នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ ។

ក្នុងឱកាសនេះឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ភាពជោគជ័យដែលទទួលបានៗឆ្លុះបញ្ចាំងឱ្យឃើញពីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នសុខាភិបាល និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាផង។
ឯកឧត្តមបានណែនាំថា ដើម្បីឱ្យកម្មវិធីជាតិកំចាត់រោគរបេង នៃផែនការយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេងឆ្នាំ(២០២១-២០៣០) ទទួលបានភាពជោគជ័យ គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវអ្នកជំងឺរបេងគ្រប់សណ្ឋានទាំងអស់ឱ្យបាន ៣៩ ១៤៩ ករណី និងរក្សាឱ្យបានអត្រាព្យាបាលជោគជ័យលើស ៩០ភាគរយ ។ ជំរុញការផ្តល់សេវាស្រាវជ្រាវ និងព្យាបាលជំងឺរបេងដល់ក្រុមមានហានិភ័យខ្ពស់ មានជាអាទិ៍ ការងាររបេង-អេដស៍ របេងពន្ធនាគារ របេងកុមារ របេងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម និងរបេងក្នុងចំ ណោមមនុស្សចាស់ ។ រៀបចំពង្រឹង និងពង្រីកឱ្យបានប្រសើរឡើងថែមទៀត ក្នុងការងារប្រយុទ្ធនឹងជំងឺរបេងស៊ាំនឹងឱសថ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសជំរុញលើកទឹកចិត្តយ៉ាងណាឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំរបេងឱ្យបានត្រឹមត្រូវ និងរហូតដល់ចប់ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ
