បាតុកម្មប្រឆាំងឡាន Tesla រាលដាលដល់៥ប្រទេស

បរទេស ៖ បាតុកម្មតវ៉ានៅខាងក្រៅក្រុមហ៊ុនឡានអគ្គិសនី Tesla របស់លោក Elon Musk បានរីករាលដាល ដល់៥ប្រទេស រួមមាន សហរដ្ឋអាមេរិក, កាណាដា, អង់គ្លេស, អាល្លឺម៉ង់ និង ព័រទុយហ្គាល់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍នេះ។

ការបញ្ហាប្រឈមរបស់ក្រុមហ៊ុន Tesla កាន់តែជ្រៅនេះ បានកើតមានស្របពលដែល
បន្ទប់តាំងបង្ហាញប្រព័ន្ធសាកថ្មនិងរថយន្ត ឬ Showroom របស់ក្រុមហ៊ុនTesla ត្រូវបានគេបំផ្លិចបំផ្លាញ មានទាំង នៅក្នុងសហរដ្ឋអាមេរិក, បារាំង និងអាល្លឺម៉ង់ ដោយរថយន្តជាច្រើនគ្រឿង ត្រូវបានភ្លើងឆេះ។

បញ្ហានេះកាន់តែផុងជ្រៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពោលគឺចាប់តាំងពី លោក Musk ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ដែលត្រូវបានចោទប្រកាន់ថា បានយកយកពូថៅ ទៅកាត់ផ្តាច់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធដ៏លើសលុប បណ្តេញមន្ត្រីសហព័ន្ធចេញពីការងារ រាប់ម៉ឺននាក់។

ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញការគាំទ្រចំពោះក្រុមហ៊ុន Tesla ដោយថែមទាំងអនុញ្ញាតឱ្យក្រុមហ៊ុន បង្ហាញឡាន Tesla នៅខាងក្រៅសេតវិមាន ហើយសន្យាថា នឹងទិញរថយន្ត១គ្រឿងផង ថ្មីៗនេះ។ លោកបានហៅ អំពើហិង្សានៅ Showroom ជា «អំពើភេរវកម្មក្នុងស្រុក»។

លោក Musk វិញ បានប្រាប់ Fox News ថា «កម្រិតនៃអំពើហឹង្សានេះ គឺជារឿងឆ្កួត ហើយខុសយ៉ាងខ្លាំង» ដោយលោកអះអាងថា Tesla គ្រាន់តែផលិតរថយន្តអគ្គិសនី ហើយ មិនបានធ្វើអ្វីខុស ដើម្បីសមនឹងទទួលបានការវាយប្រហារដ៏អាក្រក់ ទាំងនេះទេ។

យ៉ាងណាមិញ សកម្មភាពទាំងនេះ បានជះឥទ្ធិពល ដល់ម៉ាកយីហោឡានអគ្គិសនី តាមរយៈការប្តូរចិត្ត លែងចង់ប្រើប្រាស់ឡាន Tesla ជាដើម៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner