អាមេរិកចង់លុបចោលផែនការធ្វើទំនើបកម្មយោធាជាមួយជប៉ុន

បរទេស៖ ក្រសួងការពារជាតិអាមេរិក កំពុងពិចារណា បញ្ឈប់ការពង្រីកផែនការ ធ្វើទំនើបកម្ម កងកម្លាំងអាមេរិក-ជប៉ុន ហៅកាត់ USFJ នេះបើតាមសារព័ត៌មានជាច្រើន របស់សហរដ្ឋអាមេរិក បានរាយការណ៍។

ទីភ្នាក់ងារព័ត៌មាន Nikkei Asia បានចុះផ្សាយថា សេចក្តីព្រាងឯកសារស្តីពីការលុបចោលនេះ ត្រូវមើលឃើញ ដោយសារព័ត៌មាន NBC និង CNN ដោយមានចែងថា ការផ្លាស់ប្តូរបែបនេះ គឺដើម្បីអាចសន្សំថវិកា បានប្រហែល ១.១ពាន់លានដុល្លារ ដែលធ្លាប់តែបានចំណាយទាក់ទងនឹងបុគ្គលិកយោធា និងការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងប្រតិបត្តិការកងទ័ពរួមគ្នា ជាដើម។

លោក James Schoff នាយកជាន់ខ្ពស់ នៃកងកម្លាំង USFJ ប្រចាំនៅតំបន់ Sasakawa បានប្រាប់ Nikkei Asia ថា ការព្រមានលុបចោលនេះ គឺស្របតាមការចង់បាន របស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk។

USFJ គ្របដណ្តប់កម្លាំងយោធា ៥៣,០០០នាក់ និងមូលដ្ឋានសំខាន់ៗចំនួន ១៥ នៅក្នុងប្រទេសជប៉ុន។ របាយការណ៍នេះ ត្រូវបានបញ្ចេញ ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ច លើកដំបូង របស់លោក ទៅកាន់ប្រទេសជប៉ុន នៅចុងខែនេះ។

ប្រសិនបើត្រូវបានអនុវត្ត សកម្មភាពនេះគឺជាការដើរបញ្ច្រាស់ដ៏ធំ មិនធ្លាប់មាន នៃសមាហរណកម្មសម្ព័ន្ធភាពយោធាប្រទេសទាំងពីរ ក្នុងរយៈពេល៧០ឆ្នាំ។

ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការយោធារបស់ព្រឹទ្ធសភា និង រដ្ឋសភា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយនិយាយថា ពួកគេមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដែលមន្ទីរបញ្ចកោណកំពុង “ពិចារណាលើការផ្លាស់ប្តូរ ដោយឯកតោភាគី លើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំង ការកាត់បន្ថយយ៉ាងធំធេង នៃកងកម្លាំងសហរដ្ឋអាមេរិកឈរជើង នៅបរទេស ជាដើម៕

ប្រភពពី Nikkei Asia ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner