លោក Trump ត្រៀមបិទក្រសួងអប់រំអាមេរិក តាមពាក្យសន្យា

វ៉ាស៊ីនតោន ៖ ជាការបំពេញតាមពាក្យសន្យាដ៏សំខាន់មួយរបស់ខ្លួន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងបិទក្រសួងអប់រំអាមេរិកចោលតែម្តង។ នេះបើតាមការអះអាងរបស់សេតវិមាននៅថ្ងៃពុធ។

តាមរយៈបទបញ្ជារបស់លោកប្រធានាធិបតី ត្រាំ រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក លោកស្រី Linda McMahon នឹងចាត់វិធានការចាំបាច់នានា ដើម្បីសម្រួលដល់ការបិទក្រសួងអប់រំ ហើយប្រគល់ភារកិច្ចផ្នែកអប់រំទៅឱ្យរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក។

បទបញ្ជារបស់លោក ត្រាំ នេះទៀតសោត ក៏បានកំណត់ដែរថា រាល់កម្មវិធី ឬសកម្មភាពនៅសេសស់ដែលកំពុងទទួលបានមូលនិធិពីក្រសួងអប់រំ មិនត្រូវជំរុញ ឬលើកកម្ពស់គោលការណ៍ពិពិធកម្ម សមធម៌ និងបរិយាប្ន័ន ឬហៅកាត់ថា DEI ឬក៏មនោគមវិជ្ជាយេនឌ័រអ្វីនោះទេ។

យ៉ាងណា ការប៉ុនប៉ងបិទក្រសួងអប់រំកំពុងរងការជំទាស់ពីសំណាក់អ្នកប្រជាធិបតេយ្យមួយក្រុម ដែលបានដាក់ពាក្យបណ្ដឹងតវ៉ាកាលពីសប្ដាហ៍មុន ក្នុងគោលបំណងរារាំងកុំឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បិទក្រសួងអប់រំចោល និងបញ្ឈប់ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាលនៃក្រសួងអប់រំចេញពីការងារ។

បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ លោកប្រធានាធិបតី ត្រាំ បានចំណាយពេលប៉ុន្មានសប្តាហ៍ដំបូង ក្រោយស្បថចូលកាន់តំណែងផ្តោតលើកិច្ចប្រឹងប្រែងកែទម្រង់ទ្រង់ទ្រាយធំ ចំពោះរដ្ឋាភិបាលអាមេរិក ដូចជាទាមទារឱ្យបុគ្គលិករដ្ឋត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ បើមិនដូច្នោះត្រូវលាឈប់, ស្វែងរកវិធីកាត់បន្ថយចំណាយ និងការងារ, រុះរើ ឬព្យាយាមបិទទីភ្នាក់ងារផ្សេងៗ ដូចជាទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ជាដើម។

ចំណែកកាលពីខែកុម្ភៈ មេដឹកនាំមេរិករូបនេះបានព្រមានថា លោកចង់បិទក្រសួងអប់រំជាបន្ទាន់ ប៉ុន្តែបានទទួលស្គាល់ថា លោកត្រូវការការគាំទ្រពីសភាអាមេរិកជាមុនសិន ដែលជាអ្នកចាត់ចែងកញ្ចប់ថវិកា និងសហជីពរបស់គ្រូបង្រៀន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner