ហាម៉ាស់ផ្តើមផ្លោងគ្រាប់សងសឹកនឹងអ៊ីស្រាអែល

បរទេស៖ ដោយសារតែទ្រាំលែងបាន ក្រុម Hamas បានផ្លោងគ្រាប់ តបតវិញ ជាលើកដំបូង ក្រោយអ៊ីស្រាអែលវាយសង្គ្រុប ទាំងបាញ់ពីលើអាកាស និងរថក្រោះចូលលុកលុយតាមជើងគោក ស្លាប់មនុស្ស ៥០០នាក់។

ក្រុមហាម៉ាស់ បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ីស្រាអែល ស្ថិតក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការឆ្លើយតបផ្នែកយោធា លើកដំបូងរបស់ខ្លួន ចំពោះការកើនឡើងចំនួនស្លាប់ជនស៊ីវិល ដោយសារតែការបន្តប្រតិបត្តិការផ្លូវអាកាស និងជើងគោកឡើងវិញ របស់អ៊ីស្រាអែល នៅហ្គាហ្សា។

ទីភ្នាក់ងារការពារជនស៊ីវិលរបស់ Gaza បាននិយាយថា មនុស្សចំនួន ៥០៤ នាក់ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ នៅក្នុងការវាយលុក របស់អ៊ីស្រាអែល រួមទាំង កុមារជាង ១៩០នាក់ផងដែរ។

កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Ezzedine al-Qassam បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត ទៅកាន់ទីក្រុង Tel Aviv ដើម្បីឆ្លើយតបទៅនឹង “ការសម្លាប់រង្គាល” របស់អ៊ីស្រាអែល លើជនស៊ីវិល នៅតំបន់ Gaza ។

កងទ័ពអ៊ីស្រាអែលវិញ បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចមួយគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សា ហើយពីរគ្រាប់ទៀត បានវាយប្រហារ លើតំបន់គ្មានមនុស្សរស់នៅ។

បន្ទាប់ពីភាពជាប់គាំងជាច្រើនសប្តាហ៍ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ផ្លូវអាកាស របស់ខ្លួនឡើងវិញ នៅព្រឹកថ្ងៃអង្គារ ជាមួយនឹងរលក នៃការវាយប្រហារដ៏សាហាវ ដែលទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយ។ ការវាយលុកនេះបានបំបែកភាពស្ងប់ស្ងាត់ ក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ចាប់តាំងពីបទឈប់បាញ់ ធ្វើឡើង នៅថ្ងៃទី១៩ ខែមករា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner