ការរៀបចំបុណ្យទន្លេ មានគោលបំណង៣សំខាន់

ភ្នំពេញ៖ បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ”គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”បានប្រារព្ធចាប់ពីថ្ងៃសុក្រ​ដល់​ថ្ងៃអាទិត្យ​ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ពិធីបើក​នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ
ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

បុណ្យទន្លេបានធ្វើជាលើកដំបូងនៅឆ្នាំ២០១៥ ដោយចាប់ផ្តើមពីខេត្តក្រចេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាប្រធានគណៈកម្មការ​អន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានគូស​រំលេច​​អំពីគោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖ គឺទី១.ដើម្បីលើកកម្ពស់តម្លៃ​នៃ​ផលិត​​​ផលក្នុង​ស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍​នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជា​ណា​ចក្រកម្ពុជា។ទី២.ចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ការយក​ចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួម​សម្រេចយុទ្ធសាស្រ្ត​ពិពិធកម្ម​ទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍​ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដង​ទន្លេ​នៃ​ព្រះរាជាណាចក្រកម្ពុជា ។

គោលបំណងទី៣ ដែលជាគោលបំណងចុងក្រោយ គឺបំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឱ្យ​ចូលរួម​ក្នុងការងារ​អភិរក្ស និងអភិវឌ្ឍធនធាន​ទន្លេ​ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់​ប្រជាពលរដ្ឋឱ្យ​ចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យ​បរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញ​កំណើនភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបថា នារសៀលថ្ងៃទី២២ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​ក្នុងពិធីបើកជាផ្លូវការនៃ​ព្រឹត្តិការណ៍បុណ្យទន្លេ​លើកទី៩ ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្តសមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន អ្នកផលិតមាតិកា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនពាន់នាក់៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner