រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាវប្បធម៌ជាតិរយៈពេលបីថ្ងៃក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
សៀមរាប៖នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅសួនព្រះរាជដំណាក់ខេត្តសៀមរាបក្បែរមាត់ស្ទឹង ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គាំទ្រដោយរដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ពិធីនេះដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូបែប និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។

ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រម ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និស្សិត សិល្បករ អាជីវករ និងភ្ញៀវជាតិ-អន្តរជាតិ។

លោក លី សារី បានបញ្ជាក់ថា ការរៀបចំទិវានេះគឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ មនសិការ ស្រឡាញ់វប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាបាននូវភាពចីរភាពក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌។

ចំណែកលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានលើកឡើងថា ការរៀបចំទិវានេះឡើង ដើម្បីលើកកម្ពស់ស្មារតីប្រជាជនមហាជនជាពិសេសយុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃនៃវប្បធម៌ដ៏សម្បូរណ៍បែបរបស់ដូនតាខ្លួនបានបន្សល់ទុកមក ហើយបានបន្តរស់រវើកប្រកបដោយសុខដុមភាព ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ មានសីលធម៌ គុណធម៌ និងការអភិវឌ្ឍ។ លោកបន្តថាកន្លងមកមន្ទីរបានខិតខំផ្សព្វផ្សាយ និងអភិរក្ស ដើម្បីរក្សាការពារមិនឱ្យបាត់បង់នូវគ្រប់ទម្រង់រូបភាពនៃសិល្បៈវប្បធម៌ ការអភិវឌ្ឍច្នៃប្រឌិតបង្កើតសកម្មភាពផ្សព្វផ្សាយជាប់ជាប្រចាំ ទាំងវប្បធម៌រូបី និងអរូបី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌នៅក្នុងខេត្តសៀមរាប។

សូមជម្រាបថា ក្នុងទិវាវប្បធម៌ជាតិដែលប្រារព្ធនៅខេត្តសៀមរាបរយៈពេលបីថ្ងៃនេះ មានការបង្ហាញសិល្បៈ និងការប្រគំតន្ត្រី,ការតាំងពិព័រណ៍សិល្បៈ និងអាជីពពាក់ព័ន្ធនឹងវប្បធម៌និង សិក្ខាសាលាអំពីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។
លោកអភិបាលរងខេត្តបានគូសរំលេចទៅកាន់អ្នកចូលរួមថា ខេត្តសៀមរាប គឺជាចំណុចទាក់ទាញទេសចរណ៍សំខាន់មួយ ដោយមាន ប្រាសាទអង្គរ និងសម្បត្តិវប្បធម៌ដ៏មានតម្លៃ។ ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌មិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាចំណូលដ៏សំខាន់របស់ជាតិផងដែរ៕
ដោយ៖ប៊ុន រដ្ឋា
