មន្រ្តីជំនាញនិងអាជ្ញាធរស្រុក ចុះអង្កេតទឹកអូរត្រែង បន្ទាប់ពីអ្នកប្រើបណ្ដាញ​សង្គមរាយការណ៍ថា មានក្លិនស្អុយនិងពុលត្រី

បាត់ដំបង៖ ភ្លាមៗបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះនិងរាយការណ៍ថា ទឹកអូរត្រែងមានក្លិនស្អុយនិងមានពុលត្រី​ដោយ​សារទឹកមានជាតិពុល ដែលបង្ហូរ​ចេញពីរោងចក្រមួយកន្លែងនៅក្នុងស្រុករតនមណ្ឌល មន្រ្តីជំនាញ​នៃមន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង និងអាជ្ញាធរស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ចុះទៅកាន់ទីតាំង​​រោងចក្រ និងទីកន្លែង ដែលមាន​ការសង្ស័យ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន មន្ទីរបរិស្ថានខេត្ត បានចាត់មន្ត្រីជំនាញចុះទៅកាន់ទីតាំងរោងចក្រ និងទីកន្លែងដែលមាន​ករណី​សង្ស័យដើម្បីពិនិត្យជាក់ស្តែង និងយកសំណាកទឹកតាមទីកន្លែងនីមួយៗ ដែលមានការសង្ស័យ​យកទៅមន្ទីរពិសោធន៍ នៃក្រសួងបរិស្ថាន។ទីកន្លែង​ដែលសង្ស័យ​គឺសហគ្រាសកែច្នៃដំណាប់​ស្វាយ ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ។

តាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារ និងអាជ្ញាធរ ព្រមទាំងភាគី​សាមី​រោងចក្រផ្ទាល់នៅទីនោះ ក្រុមការងារបាន​ធ្វើកត់សម្គាល់ឃើញថា “ពុំមាន​ស្លាកស្នាម នៃ ការលេចធ្លាយឬក៏បង្ហូរទឹកសំណល់រាវចូលទៅក្នុងស្ទឹងទេ​ ។ចំណែកពណ៌​ទឹក​ បើតាមកាំមេរ៉ា​ បង្ហាញថា សភាពពណ៌ខ្មៅ គឺ ជាស្លែរដែល​នៅបាតក្រោមទឹក ហើយស្ថានភាពទឹកទីតាំងនោះ​ថ្លាធម្មតា​ និងគ្មានត្រីងាប់​នោះទេ។

ក្រុមមន្ត្រីជំនាញបានឱ្យដឹងថា កន្លងមកប្រព័ន្ធលូ ដែលសហគ្រាសធ្លាប់​បាន​បង្ហូរសំណល់រាវចូលទៅក្នុងទឹកអូរត្រែងនោះ ត្រូវបានបិទជិត និងគ្មានការលេច​ធ្លាយឬលួចចោះបង្ហូរជាថ្មីទៀតឡើយ ហើយក៏គ្មានការដាក់សំណល់រឹង និងដុត​សំរាមនៅ​លើមាត់អូរដូចមុនទៀតនោះទេ ក្រោយពីមានការចុះត្រួតពិនិត្យ និងធ្វើការហាមប្រាម ហើយខាងរោងចក្រក៏បានធ្វើកិច្ច​សន្យា ជាមួយនិងក្រុម​ការងារ​របស់រដ្ឋបាលខេត្តទៀតផង។

មន្ត្រីជំនាញបានឱ្យដឹងបន្ថែមថា ចំពោះទីតាំងស្ពាន ដែលស្ថិតនៅផ្នែកខាង​ក្រោមខ្សែទឹក នៃសហគ្រាស ក៏ទឹកមានសភាពថ្លា មិនមានក្លិនស្អុយ ហើយ​ក៏មិនមានការពុលត្រីងាប់ ដូចការលើកឡើង តាមបណ្ដាញសង្គមឡើយ។នៅផ្នែកខ្លះនៃ​អូរស្ថិតនៅខាងក្រោមសហគ្រាស ក៏មានទឹកថ្លុកតូចៗចំនួន២កន្លែង ជា”ទឹកដក់នឹង”មានសភាពទឹកពណ៌ខ្មៅ និងមានស្លឹកឈើរលួយ ដែល​បង្កឱ្យមានក្លិនស្អុយ។

ប្រភពដដែលបន្តថា តាមការពិនិត្យ ជាក់ស្តែងនៅតាមទីតាំងសង្ស័យខាងលើ និងបន្ទាប់មក ក្រុមការងារក៏បាន​ចុះយក​សំណាកទឹក ចំនួន៣ទីតាំង គឺនៅផ្នែកខាងក្រោយសហគ្រាស, ផ្នែកខាងលើខ្សែទឹក និងផ្នែកខាងក្រោម​ខ្សែទឹក ដើម្បី​ពិនិត្យនៅ​មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។

ជាមួយគ្នានោះក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់សហគ្រាស ត្រូវបង្កើនការដឹកជញ្ជូនសំណល់រាវ និងសំណល់រឹង​យកទៅទុកដាក់នៅ​ទីតាំងដែលមានសុវត្ថិភាពបំផុត និងឱ្យឆ្ងាយពីប្រជាពលរដ្ឋ ព្រមទាំងត្រូវខិត​ខំពន្លឿនការ​សាងសង់​អាងប្រព្រឹត្តកម្មសំណល់រាវរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវតាម​ស្តង់ដារកំណត់។តំណាងសហគ្រាស ក៏បានប្ដេជ្ញាអនុវត្តតាមការ​ណែនាំរបស់​ក្រុមការងារ និងគោរពច្បាប់ ,បទដ្ឋានស្តង់ដាបច្ចេកទេសដែលបានកំណត់៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ads banner