ពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានតម្លៃជាង ៣៧ម៉ឺនដុល្លារ

(ខេត្តតាកែវ )៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ នៃព្រះរាជានាណាចក្រកម្ពុជាបានអញ្ជើញ​ជាអធិបតី​ក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផល​នានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនៈភាពរបស់ខេត្ត មានការរីក​ចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ ដោយឡែកសម្រាប់ស្រុកអង្គរ​បូរីវិញ​​មានវត្តសរុបចំនួន ១២វត្ត ព្រះសង្ឃចំនួន ១៨០អង្គ ភិក្ខុ៤៧អង្គ សាមណេរ ១៣៣អង្គ អាចារ្យ ៣៩នាក់ គណៈ​កម្មការចំនួន ៨៩នាក់ យាយជី ៦នាក់ តាជី ២នាក់ ក្មេង​ស្នាក់នៅវត្តចំនួន ២២នាក់ ។

លោកបានបន្តទៀតថា វត្តសំរោងពន្លៃមានអាយុកាលជាង ២០០​ឆ្នាំ ហើយបានក្លាយជាវត្តដែលមានវ័យចំណាស់ជាងគេ ដែលកាលពីមុនសម័យ ប៉ុល ពត គឺមានការគ្រប់គ្រងដោយ​ព្រះចៅ​អធិការចំនួន ១១អង្គ ។ ប៉ុន្តែ ក្រោយថ្ងៃ រំដោះ ៧មករា មក គឺមានព្រះចៅអធិការ ៤អង្គជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០១១ គឺវត្តត្រូវបានការដឹកនាំ និងគ្រប់គ្រងដោយ ព្រះគ្រូ​វិ​មល​ភិរ័ក្ខញាណ សេក សុវណ្ណារិន្ទ ព្រះវិន័យធរ​អនុគណ​ស្រុក​អង្គរបូរី និងជាព្រះចៅអធិការវត្ត សំរោងពន្លៃនាពេល​បច្ចុប្បន្ន​នេះ ។   

លោកអភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលដែលត្រូវដាក់​សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ (១) ព្រះពុទ្ធរូបព្រះអង្គធំ មាន​បណ្ណាល័យជាបល្ល័ង្កស្ថិតនៅពីក្រោម និងសាវ័កទាំង​១២​ព្រះ​អង្គឈរជុំវិញ (២)កប្បិយកុដិ (៣) ចាក់សាបបេតុងបន្ថែម (៤) ជួសជុលព្រះវិហារជាថ្មី (៥) តដំបូលសាលាធម្មភា (៦)​ធ្វើសួន​ច្បារ (៧) ខ្យុះថ្ម ប្រក់ក្បឿង (៨) សាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យ​សំរោងពន្លៃ (៩) អំពូលសូឡា ក្នុង​វត្ត (១០) ជួសជុលកុដិ (១១) សួនរុក្ខជាតិ (១២) ទីស្នាក់​ការទទួលបច្ច័យ(១៣)លាបថ្នាំកែលម្អរឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយថវិកាសាងសង់អស់ ជាង ៣៧ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើង​ថា សម្តេចពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផល​ដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធ​បរិ​ស័ទ​ជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធ​ផល​ទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូន​ប្រជា​ពល​រដ្ឋយើង។ យ៉ាងណាមិញសមិទ្ធផល ដែល​កើតមានចំពោះ​មុខ​យើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារ​គុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វ​បែប​យ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមាន​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាព ជូនប្រជាជន​កម្ពុជា​ទាំងមូល។

សម្តេចបានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយ​បញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានោះ សម្តេច សូមអរ​គុណចំពោះ មហាឧបាសិកា ចាន ឡុញ, ឯកឧត្តម ហ៊ឺ ប៉ាវី ប្រតិ​ភូ​រាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវសាយ សុផា, ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង លោកជំទាវ យី សុភា, ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ប៉ុល ស៊ាងហៃ, លោកជំទាវ ប៉ោ ណារ៉ូ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ​ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និង​ដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់​ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។

សម្តេចបាន សំណូមពរ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្ត ទុកដាក់ខ្ពស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់​ប្រមុខ នៃរាជរដ្ឋាភិបាល៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner