ក្រសួងសុខាភិបាល ប្រារព្វទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៥ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្តេជ្ញា វិនិយោគ អនុវត្ត»
(ភ្នំពេញ)៖ កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសុខភាពពិភពលោក ក្នុងការកំចាត់រោគរបេង បានរៀបចំទិវាពិភពលោកកំចាត់រោគរបេងឆ្នាំ២០២៥ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ។ កម្មវិធីនេះ បានធ្វើឡើងក្រោមការអញ្ជើញចូលរួមជាអធិបតីដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ។ គោលបំណងសំខាន់ នៃការប្រារព្វទិវាពិភពលោកកំចាត់រោគរបេងនេះ គឺដើម្បីផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេងនៅកម្ពុជា និងអន្តរជាតិ និងជំរុញការលើកកំពស់បន្ថែមចលនាទាក់ទាញការគាំទ្រ ផ្នែកនយោ បាយ និងថវិកា ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមនឹងកម្ពុជាផង ។

លោកជំទាវ យក់ សម្បត្តិ បានអានសុន្ទរកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ឆ្នាំ២០២៥ ដែលបានឲ្យដឹងថា «កម្ពុជាបើទោះជាទទួលបានជោគជ័យ ប៉ុន្តែក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត នៅលើសកលលោក។» ជាក់ស្តែង អត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលធ្លាក់ចុះ ៥០% ។ ចំណែកអត្រាឈឺ ឬអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ ៤២% ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ។

នៅជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលមានវត្តមាននៅក្នុងឱកាសនោះ ក៏បានថ្លែងសង្កត់ ធ្ងន់ដែរថា របេងនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចំបង ពិសេសនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផង ។ កម្ពុជានៅឆ្នាំ២០២៤ កន្លងទៅ តាមរយៈកម្មវិធីជាតិកំចាត់ រោគរបេង បានទទួលសមិទ្ធិផលថ្មីៗបន្ថែម ដោយរក្សាបានអត្រាព្យាបាលជោគជ័យបាន ៩៦% ជាអត្រាលើសពីគោលដៅកំណត់ប្រចាំឆ្នាំ ដែលមានត្រឹមតែ ៩០% នោះទេ ។ ដោយការស្រាវជ្រាវបានរកឃើញអ្នកជំងឺរបេងសរុបចំនួន ៣ម៉ឺន ៣ពាន់ ៧៦៩ករណី ។ បើទោះបីជាកម្ពុជាទទួលបានភាពជោគជ័យ ក្នុងការកំចាត់រោគរបេង ប៉ុន្តែក៏នៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីឲ្យកម្មវីធីជាតិ សំរេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ក្នុងបំណងកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង នៃសកលលោកផងដែរ ។

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានថ្លែងទៀតថា ដើម្បីឲ្យសម្រេចកិច្ចការទាំងអស់នេះបាន គឺត្រូវមានការរៀបចំ និងផ្សព្វផ្សាយ ពាក្យគោល ឬពាក់ស្លោក នៃទិវាពិភពលោកកំចាត់រោគរបេង ដើម្បីឲ្យសាធារណៈជន និងគ្រប់ភាគីបានយល់ច្បាស់ពីខ្លឹមសារ និងអត្ថន័យរបស់ ពាក្យពេចន៍ទាំងនោះ ។ ជំរុញសកម្មភាព តាមប្រព័ន្ធផ្សព្វ ផ្សាយផ្សេងៗ ដែលចូលរួមជិតស្និទ្ធពីសំណាក់អ្នកកាសែត និងផ្នែកផ្សព្វផ្សាយផ្សេងៗ ដូចជាវិទ្យុ និងទូរទស្សន៍ជាដើម ។ ពង្រឹងបន្ថែមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកផ្តល់ជំនួយ និងគ្រប់ភាគីទាំងអស់ តាមរយៈការរៀបចំទិ វាពិភពលោកកំចាត់រោគរបេង តាមលំដាប់ថ្នាក់ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

