កម្ពុជា និង ឥណ្ឌា រួមទាំងប្រទេសចំនួន ៤ ទៀត រៀបចំពិធីបុណ្យអាហារ
ភ្នំពេញ ÷ ពិធីបុណ្យអាហារក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ទន្លេគង្គា (MGC) ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសថៃក្នុងរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ។

ពិធីបុណ្យអាហារដែលមានមុខម្ហូបមកពីបណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេគង្គា ត្រូវបានសម្ពោធដោយឯកអគ្គរដ្ឋទូតឥណ្ឌាលោក Vanlalvawna Bawitlung រួមជាមួយតំណាងមកពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតនៃប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។

ភោជនីយដ្ឋានឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃជាង ១២ ភោជនីយដ្ឋានដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបានដាក់តូបលក់អាហារក្នុងពិធីបុណ្យនេះ។
ជាចំណុចពិសេស ភរិយារបស់មន្រ្តីស្ថានទូតឥណ្ឌាបានបន្ថែមភាពទាក់ទាញនៃពិធីបុណ្យអាហារ ដោយដាក់តូបលក់អាហារ និងអាហារឆ្ងាញ់ៗ ហើយចំណូលទាំងអស់នឹងយកទៅ ធ្វើកិច្ចការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។

ជាមួយនឹងទីតាំងដ៏ល្បីមួយនៅមាត់ទន្លេមេគង្គ ទល់មុខវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ ពិធីបុណ្យនេះបានទាក់ទាញមនុស្សជាច្រើនកុះករ និងអ្នកទេសចរមកទស្សនាផ្លូវថ្មើរជើងតាមមាត់ទន្លេ នៅរាជធានីភ្នំពេញដែលទើបនឹងបើកសម្ពោធប្រើប្រាស់។
កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2000 ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុកាលច្រើនជាងគេក្នុងចំណោមយន្តការនៃកិច្ចសហប្រតិបត្តិការមេគង្គ។ កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា បាននិងកំពុងអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន ហើយបុណ្យអាហារនេះ ក៏ជាផ្នែកមួយនៃផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា ឆ្នាំ 2019-24 ផងដែរ។ ផែនការសកម្មភាពថ្មីកំពុងស្ថិតក្រោមការបង្កើត ដោយនៅឆ្នាំ 2025 មានសារសំខាន់ពិសេសព្រោះវាជាខួប 25 ឆ្នាំនៃ កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា ។
វិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺជាវិស័យអាទិភាពមួយសម្រាប់ កិច្ចសហប្រតិបត្តិការទន្លេមេគង្គ គង្គា ហើយពិធីបុណ្យអាហារគឺជាការបន្ថែមការស្វាគមន៍ ដើម្បីពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមសំខាន់ៗដូចជា ភ្នំពេញ ផ្លូវថ្មើរជើងដាក់ឲ្យដំណើរ ដោយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា ៕ អត្ថបទ ÷ ឈឹម ទីណា
