សម្តេចធិបតី​ ជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះ តម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត”​ នៅថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៥។

សម្តេចធិបតីបានបន្តថា​ ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។

ដើម្បីឆ្លើយតបតាមប្រធានបទខាងលើ សម្តេចធិបតីសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។
ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាព ស្រាវជ្រាវរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។
ទី៣- បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។
ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោក​៕
ដោយ៖ពលជ័យ

ads banner