លោក Trump បញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទីពីរទៅកាន់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson Carrier Strike Group ទៅកាន់មជ្ឈិមបូព៌ា ខណៈដែលការប្រយុទ្ធជាមួយក្រុមហ៊ូទីបានបន្តឡើងវិញក្រោយផ្អាករយៈពេលពីរខែ។
នាវា USS Carl Vinson Carrier Strike Group នឹងបញ្ចប់ការដាក់ពង្រាយបច្ចុប្បន្នរបស់ខ្លួននៅក្នុងតំបន់អាស៊ីបូព៌ា ហើយឆ្ពោះទៅកាន់ដែនទឹកជុំវិញប្រទេសយេម៉ែន ដើម្បីចូលរួមជាមួយនាវា USS Harry S. Truman Carrier Strike Group ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងហ៊ូទី។
ការដាក់ពង្រាយនាវាផ្ទុកយន្តហោះទីពីរនេះកើតឡើងមួយសប្តាហ៍ក្នុងការប្រយុទ្ធគ្នាជាថ្មីរវាងកងកម្លាំងអាមេរិក និងក្រុមហ៊ូទី ដែលជាក្រុមប្រដាប់អាវុធគ្រប់គ្រងភាគច្រើនក្នុងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណាអា។
ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្រុមនេះបានបាញ់រ៉ុក្កែត និងវាយប្រហារយន្តហោះដ្រូនលើកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា