ក្រសួងធនធានទឹក អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និង​ដំណាំរួមផ្សំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ឆ្នាំ២០២៤-២០២៥ បានជាង ៩ម៉ឺនហិកតា

(ភ្នំពេញ)៖ ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥​នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥​ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍ មា​ន​ចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍​មានចំនួន ៩៣១៣៣ហិកតា។ នេះប់យោងតាម នេះបើយោង​តាម​របាយការណ៍ចេញដោយ ក្រសួងធនធានទឹក និង​ឧតុនិយម ។

របាយការណ៍ក៏បានបង្ហាញពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូន​ប្រជាកសិករ​ក្នុង​ក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរា​គមន៍​បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។

របាយការណ៍ដដែល បញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើ​ប្រាស់​ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីន​បូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីន​ស្ថា​នីយ​ចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបាន​ការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និង​ការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងារ​រាជរដ្ឋា​ភិបាលចុះមូលដ្ឋាននានា។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណ​ជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយ​សន្សំ​សំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជន​បទ​ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រ​មុខ​រាជ​រដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់​យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់​ចុះ​អន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទី​ចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការ​គាំទ្រ​ស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរ​មូល​ដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ។

សូមជម្រាបថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្ត​ចំនួន ១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយ​រៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និង​រាជ​ធានី​ភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធ​ជាមួយមន្ទីរ​ធនធាន​ទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និង​បានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើ​ប្រាស់​គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយ​សង្គ្រោះ​ស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner