ក្រសួងបរិស្ថាន រកឃើញផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារការបញ្ចេញសំណល់រាវពីរោងចក្រកែច្នៃផ្លែឈើ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានអះអាងពីការចុះពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទីថាបានបង្កផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើក្នុង ខេត្តបាត់ដំបង។

ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងការចុះពិនិត្យដែលមានតំណាងច្រើនភាគីចូលរួមនេះ គេបានរកឃើញប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ។

នៅក្នុងថ្ងៃដដែលនេះដែរ ក្រុមការងារក្រសួងបរិស្ថានបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញដែរថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹកមកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។

គួរបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តជូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ។

ក្រសួងបរិស្ថានបាន និង កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner