ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច​ការងារនៅប្រទេសឡាវ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានវត្តមានអភិបាលខេត្ត​រតនគិរី ព្រះវិហារ ស្ទឹងត្រែង និងលោក ការនគរបាល​ខេត្តទាំង៣ ដែលជាការបញ្ជាក់ច្បាស់នូវឆន្ទៈ​រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយឡែក ក្រសួង​មហា​ផ្ទៃក្នុងនាមជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងការជំរុញកិច្ច​សហការ​វាងរដ្ឋបាលខេត្តដាប់ព្រំដែនប្រទេសទាំងពីរ​ឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាព ទាំងការ​ថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ជំរុញការផ្លាស់​ប្តូរជាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញ​ចូលជា ធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាព​ទាំងឡាយដែលនាំឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្ស​ជាតិ​ទាំង​មូល ។

សូមបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចការងារនេះ គឺជាការ​បន្ត​អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេន​ប្រចាំ​ឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជា​មួយ​ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជា​ធិប​តេយ្យ​ប្រជាមានិតឡាវ ។

ក្នុងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹង​អញ្ជើញ​ធ្វើ​ជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ​លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេ​ខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner