ប៉ូឡូញគ្រោងដាំមីន ១ លានគ្រាប់ជាប់ព្រំដែនរុស្ស៊ី និងបេឡារុស
វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានចាប់ផ្ដើមរៀបចំជើងព្រួលជាបណ្ដើរៗហើយ នៅក្នុងសេណារីយោដែលអាចនឹងផ្ទុះសង្គ្រាមលោកលើកទី៣ បន្ទាប់ពីមានផែនការបង្កប់គ្រាប់មីនដល់ទៅ ១ លានគ្រាប់នៅតំបន់ជាប់ព្រំដែនរុស្ស៊ី និងបេឡារុស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Defense News។
ទន្ទឹមគ្នា រដ្ឋាភិបាលប៉ូឡូញក៏មានគោលបំណងជំរុញការផលិតគ្រាប់មីនក្នុងស្រុកផងដែរ ក្រោយប្រទេសក្នុងប្លុកអឺរ៉ុបមួយនេះ រួមជាមួយនឹងអេស្តូនី ឡាតវី និងលីទុយអានី មានគំរោងដកខ្លួនចេញពី «សន្ធិសញ្ញាប្រឆាំងគ្រាប់មីន» ឬហៅថា សន្ធិសញ្ញាអូតាវ៉ា ដើម្បីមានសិទ្ធិប្រើគ្រាប់មីនដោយស្របច្បាប់។ ហើយចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសភាពការណ៍ប្រែប្រួល គួបផ្សំនឹងចរិតឈ្លានពានរបស់រុស្ស៊ី។
សន្ធិសញ្ញានេះ បង្កើតឡើងដំបូងកាលពីឆ្នាំ ១៩៩៧ ។ រហូតមកដល់ពេលនេះ ប្រទេសជាង ១៦០ បាន ផ្ដល់សច្ចាប័ន ។ ប៉ុន្តែប្រទេសខ្លះមិនផ្ដល់សច្ចាប័នទេ ដោយសារហេតុផលសន្តិសុខជាតិ។ មានន័យថា ពួកគេត្រូវការរក្សាទុកគ្រាប់មីន។ តួយ៉ាង ដូចជាអាមេរិក និងកូរ៉េខាងត្បូងមិនដែលបានផ្ដល់សច្ចាប័នម្ដងណាទេ ដោយកូរ៉េខាងត្បូងត្រូវការរក្សាទុកមីនរាប់លានគ្រាប់នៅតំបន់គ្មានកងទ័ព (ព្រំដែនកូរ៉េទាំង ២) ចាប់តាំងពីក្រោយ សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
យ៉ាងណា អង្គការការពារសិទ្ធិមនុស្ស ដូចជា Human rights watch Amnesty International បានទាញសញ្ញាអាសន្ន ចំណែក អង្គការកាកបាទក្រហមព្រមានថា ការសម្រេចរបស់ប៉ូឡូញ និង ប្រទេសបាល់ទិកទាំងបី ដើរចេញពីសន្ធិសញ្ញាអូតាវ៉ា នឹងធ្វើឲ្យយន្តការការពារអាយុជីវិតប្រជាជនស៊ីវិលកាន់តែធ្លាក់ចុះខ្សោយ។
ទោះដើរចេញពីសន្ធិសញ្ញាហាមប្រាមគ្រាប់មីនអូតាវ៉ា តែរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងបួន បានអះអាងថា ពួកគេនៅតែបន្តគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ស្តីពីការការពារជីវិតរបស់ប្រជាជនស៊ីវិល៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា
