ស្ពានអាកាស «មរតកតេជោ» នឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ មេសា ២០២៥ ខាងមុខនេះ
(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានិងលោកជំទាវបណ្ឌិត នាថ្ងៃទី០៧ មេសា ២០២៥ ខាងមុខនេះ ។ ការដាក់សម្ភោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរគឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញជាពិសេសនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរផងនិងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។
នេះបើយោងតាមការឱ្យដឹងរបស់លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី២៥ មិនា ២០២៥នេះ។
ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វើដំណើរ ,សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមកជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរជាដើម។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីដោ សម្ផស្ស បន្តថា ៖ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី «ព្រលានយន្តហោះតេជោក្រុងតាខ្មៅ»ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ ៕





ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ