សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “
(ភ្នំពេញ)៖ ព្រឹទ្ធសភា និងរដ្ឋសភា កម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី ១» នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា មានប្រសាសន៍ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់អ្នកចូលរួមដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងវិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា សភា និងរាជរដ្ឋាភិបាល បាននិងកំពុងបន្តសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាន នូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ។
សម្តេចប្រធានរដ្ឋសភា បន្តថា នៅលើវិស័យបច្ចេកវិទ្យា ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថា នៅមានបញ្ហាប្រឈម និងរបាំង ផ្សេងៗ ដែលចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សាស្វែង យល់ និងដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយ ប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យ វិទ្យា សាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមាន កម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើងត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រ ឈមនេះ ៕






ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ