សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តមប្រធាន អញ្ជើញមកចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅ កម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា ពិធីអាហារស្រាយបួសនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សាមគ្គីភាព ការគោរពគ្នា និងការយោគយល់គ្នាក្នុងចំណោមសហគមន៍ដែលមានជំនឿសាសនាចម្រុះ ហើយវត្តមានរបស់ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី កាន់តែញុំាងឱ្យមានភាពបរិយាបន្ន ។
សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស ក្នុងពិធីអាហារស្រាយបួសនៅកម្ពុជា មិនត្រឹមជាការបង្ហាញពីសាមគ្គីភាពសាសនានៅកម្ពុជាប៉ុណ្ណោះទេ តែជាសាមគ្គីភាពសាសនាក្នុងតំបន់ និងអន្តរជាតិ។ ហើយ “ខ្ញុំជឿជាក់ថា មានតែការទទួលយកនូវភាពខុសគ្នា និងការផ្តល់តម្លៃនូវភាពចម្រុះទេ ទើបយើងអាចធ្វើឱ្យសង្គមជាតិមួយ មានវិបុលភាព សន្តិភាព និងសុខដុមរមនា”។
ឯកឧត្តម តាន់ស្រ៊ី ដាតូ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគោរព ការស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បាន កោតសរសើរវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅលើគ្រប់វិស័យ។
ក្នុងឋានៈជាប្រធានស្ថាប័ននីតិប្បញ្ញតិ្ត សម្តេចប្រធានរដ្ឋសភា កម្ពុជា និងឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាទាក់ទងនឹងអ្វីដែលអាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មរួម ក្នុងការជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងពិភពលោក បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ ៕






ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ