មេGreenlandមិនស្វាគមន៍ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក

បរទេស ៖ មេដឹកនាំតំបន់ស្វយ័តនៅប្រទេសដាណឺម៉ាក Greenland បានអះអាងថា មិនស្វាគមន៍ដំណើរទស្សនកិច្ច របស់ក្រុមមន្ត្រីអាមេរិក ដែលគ្រោងទៅទីនោះ ក្នុងសប្តាហ៍នេះ ប៉ុន្តែ លោក ត្រាំ ការពារទស្សនកិច្ចនេះថា ជាដំណើរទស្សនកិច្ចមិត្តភាព។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នាយករដ្ឋមន្ត្រីតំបន់ Greenland លោក Mute B. Egede បានប្រាប់អ្នកយកព័ត៌មាន ថ្មីៗនេះថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នាពេលខាងមុខ គឺជាទស្សនកិច្ច បង្កប់ន័យឈ្លានពានធ្ងន់ធ្ងរ។ លោក JD Vance នឹងដឹកដៃភរិយា ធ្វើដំណើរទៅ Greenland ចូលរួមកម្មវិធីវប្បធម៌មួយ ក្នុងសប្តាហ៍នេះ។ ប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz គ្រោងនឹងទៅផងដែរ។

ជុំវិញរឿងនេះ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Trump បានប្រាប់ថា នេះគឺជាទស្សនកិច្ចមិត្តភាព មិនមែនជាការបង្កហេតុទេ។ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយ នៅក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការបញ្ជូនគណៈប្រតិភូអាមេរិក ទៅកាន់ Greenland ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមាន បន្ថែមទៀតថា «យើងត្រូវបានគេអញ្ជើញ»។

គួរបញ្ជាក់ថា លោក Trump មិនទាន់បានបោះបង់គំនិត ចង់គ្រប់គ្រងតំបន់ស្វយ័ត Greenland នៅឡើយទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner