ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យង​គោក នៅប្រទេសកម្ពុជា

(ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថា ជាប្រភេទ​ខ្យង​គោក​ថ្មី សម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបាន រកឃើញនៅភ្នំ​បាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវ បានគេដាក់​ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិស​ដល់ព្រះ​បាទ​ឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះ​រាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទ ភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។
 
ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយ​ក្រុម​ការងារក្រសួងបរិស្ថាន សហការជាមួយអង្គការ​សត្វ​ព្រៃ និងរុក្ខជាតិកម្ពុជា និងក្រុមអ្នកជំនាញពីសាកល​វិទ្យា​ល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពី​សហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។
 
តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក​(Genus)​ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក  “Clostophis”​នេះ​ដែរ​។ ដូចនេះការសិក្សា​របស់យើង​ក៏បានបញ្ជាក់​អំពីការ​រកឃើញនូវ​ប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់​ពិភព​លោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់​ប្រ​ទេស​កម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួក​ខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង​២មីលី​ម៉ែត្រ)  ហើយ ខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរក​ឃើញ។
 
តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះមានសារសំខាន់ព្រោះ​វាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ:ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារ​សំខាន់សម្រាប់ការអភិរក្ស៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner