លោក Trump គំរាមយកពន្ធ ២៥% លើប្រទេសហ៊ានទិញប្រេងពីវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃចន្ទ បានគំរាមយកពន្ធរហូតដល់ ២៥ភាគរយលើប្រទេសទាំងឡាយណា ដែលហ៊ានលួចលាក់ទិញប្រេង ឬឧស្ម័នពីប្រទេសវេណេស៊ុយអេឡា។
លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា វេណេស៊ុយអេឡាមានអរិភាពយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក។
ដូច្នេះហើយ ប្រទេសណាដែលហ៊ានលួចទិញប្រេង ឬ ឧស្ម័នពីវេណេស៊ុយអេឡា នឹងត្រូវបង្ខំឱ្យបង់ពន្ធ ២៥% ដល់សហរដ្ឋអាមេរិក លើពាណិជ្ជកម្មណាមួយដែលពួកគេធ្វើជាមួយប្រទេសរបស់យើង។
បើតាមការអះអាងរបស់មេដឹកនាំអាមេរិករូបនេះ ឯកសារទាំងអស់នឹងត្រូវចុះហត្ថលេខា និងចុះបញ្ជី ហើយពន្ធគយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៥តទៅ ដែលជាថ្ងៃរំដោះនៅសហរដ្ឋអាមេរិក។
ចិនកំពុងប្រឈមមុខខ្លាំងនឹងការដាក់ពន្ធចុងក្រោយនេះ ដោយសារតែទីក្រុងប៉េកាំងជាអតិ
ជនធំដែលទិញពីវេណេស៊ុយអេឡា។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ចិនបានទិញប្រេងចំនួន ៦៨ភាគរយនៃប្រេងដែលនាំចេញដោយវេណេហ្ស៊ុយអេឡា នេះបើយោងតាមការវិភាគឆ្នាំ ២០២៤ ដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក។
បើតាមរបាយការណ៍ដដែល អេស្ប៉ាញ រុស្ស៊ី សិង្ហបុរី និងវៀតណាម ក៏ស្ថិតក្នុងចំណោមប្រទេសដែលទិញប្រេងពីវេណេស៊ុយអេឡាផងដែរ។ យោងតាមការិយាល័យជំរឿនបានឱ្យដឹងថា សហរដ្ឋអាមេរិកផ្ទាល់ កាលពីខែមករាដើមឆ្នាំនេះ ក៏បាននាំចូលប្រេងចំនួន ៨.៦ លានបារ៉ែលពីវេណេស៊ុយអេឡា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា