ផ្សោតទន្លេ ក្រពើភ្នំ អណ្តើកហ្លួង សត្វត្រីកម្រជាច្រើនទៀតកំពុងបង្ហាញវត្តមាន និងមានចំនួនកើនឡើងនៅកម្ពុជា
(ភ្នំពេញ)៖ចំនួនត្រីផ្សោតទឹកសាបនាកន្លងមក មានការថមថយចុះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសក្នុងឆ្នាំ២០២៥ មានការកើនចំនួនឡើងបន្តបន្ទាប់ និងក្រៅពីនេះចំពោះសត្វត្រីកម្រដទៃទៀតក៏ឃើញមានវត្តមានបង្ហាញឱ្យឃើញបន្តបន្ទាប់ដូចគ្នាផងដែរ ដែលទាំងនេះបង្ហាញពីខិតខំកិច្ចការពារ និងអភិរក្សបានជោគជ័យរបស់កម្ពុជាយើង។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងក្នុងពិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញឱ្យដឹងថា៖ចំនួនសត្វផ្សោតទឹកសាបក្នុងឆ្នាំ២០២៤កន្លងមកមានការកើនចំនួនឡើងចំនួន៥ក្បាល ខណៈ២ទៅ៣ឆ្នាំមុនមានតែថយចុះ។ ដោយឡែកសម្រាប់ដើមឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតកើនឡើងចំនួន ៣ក្បាលហើយ ចំណែកការស្លាប់របស់ពួកវាពុំទាន់ឃើញមានទេ។ លើសពីនេះយើងនៅមានធនធានត្រីកម្រផ្សេងៗជាច្រើនទៀតដូចជា បបែល យក្ស ដូចយើងបានដឹងហើយមានទម្ងន់ជាង ៣០០ក្បាលឈ្មោះបរមី ។ ថ្ងៃក្រោយយើងនឹងឃើញវាទៀត ហើយទម្ងន់វាអាចច្រើនជាងនេះបន្ថែមទៀត។ក្រៅពីនេះយើងក៏មានត្រីគល់រាំង និងត្រីកម្រមួយចំនួនទៀតក៏បង្ហាញខ្លួនញឹកញាប់ ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណាបានថ្លែងបញ្ជាក់ដែរថា”មួយរយៈពេលនេះ យើងឃើញថាពលរដ្ឋយើងបានយល់ដឹងច្រើនណាស់ ពោលគឺនៅពេលប្រជានេសាទរបស់យើងចាប់បានត្រីកម្រៗគាត់នឹងលែងទៅវិញ គាត់បានថតបង្ហាញ។គាត់បានចូលរួមអភិរក្សជាមួយគ្នាកាន់តែច្រើនឡើង”។
ឯកឧត្តម ឌិត ទីណាបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ធនធានសត្វរបស់យើងបានកើតច្រើន ក្នុងនេះសត្វផ្សោតសមុទ្រ ជ្រូកទឹក ផ្សោតព៌ណផ្កាឈូក ទាំងនេះដោយសារតែកម្ពុជាយើងបានធ្វើការអភិរក្សបានល្អ។សម្រាប់ជ្រូកទឹកត្រូវការស្មៅសមុទ្រក្នុងទឹក។ប្រភេទស្មៅទឹកនេះដុះយឺតណាស់ មិនដូចស្មៅនៅលើគោកទេ។បើកាលណាមានស្មៅទឹកយើងតែឃើញជ្រូកទឹកហ្នឹងមករកស៊ីចំណីរបស់វាហើយ”។
ឯកឧត្តមបានថ្លែងថាក្រៅពីនេះយើងក៏មានក្រពើភ្នំដែលបានលែងច្រើននាកន្លងមក។ក្រពើភ្នំនេះយើងមានច្រើនជាងគេលើពិភពលោក។ចំណែកអណ្តើកហ្លួងក៏ដូចគ្នា ជាសត្វតំណាងនិមិត្តរូបនៃប្រទេសកម្ពុជា យើងបង្កាត់មេពងបានកូន យកទៅលែង។ទាំងអស់នេះគឺជាមួយផ្នែកមួយទៀតរបស់យើងក្នុងការខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងក៏ដូចជាថែរក្សាសត្វកម្រៗរបស់យើងឱ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត៕



ដោយ ៖ ម៉ាដេប៉ូ