ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លានដុល្លារអាមេរិក សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅកម្ពុជា ។
ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
តាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងបន្ថែម មានទឹកប្រាក់ចំនួន ១.៨៥០.០០០. ០០០ យ៉េន ឬប្រមាណ ១៣,៣លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។
ជាមួយគ្នា រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន ឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន ប្រមាណ ៤.៣២០. ០០០ ដុល្លារអាមេរិក សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះ ថាបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ៕




អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ