មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រៀបចំអបអរ​សាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

អត្ថបទដោយ៖
Kimsean Sok

(កំពង់ឆ្នាំង)៖ រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានចាត់ទុក “វប្បធម៌ គឺជាព្រលឹងជាតិ និងជា​អត្ត​សញ្ញាណជាតិខ្មែរ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន” ។

រាជរដ្ឋាភិបាលចាស់ និងរាជរដ្ឋាភិបាលថ្មី មានចក្ខុវិស័យ​វែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់​អាទិភាពខ្ពស់ និងជាមូលដ្ឋានគ្រឹះក្នុងការ​ផ្សះផ្សា​សង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយ​ភាព​សុខដុម​រមនា និងគ្មានការរើសអើង ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រ​សាស​បែបនេះ នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ ឆ្នាំ២០២៥ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្ត និងមានការគាំទ្រពីរដ្ឋបាល​ខេត្តកំពង់​ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតី​ភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ។

លោក យិន សាវ៉េន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិត​ខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែង​តែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

ការរៀបចំប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា គឺបានចាប់​ផ្តើម​ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណង​ជំរុញ​ឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែល​ជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើន​ការស្រ​ឡាញ់ និងការទទួលយកនូវចំណេះដឹង សំដៅលើក​កម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរ ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ និងការអភិវឌ្ឍ​វប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាព និង ភាពសុខដុមរបស់សង្គមជាតិ ៕

សុខ គឹមសៀន

ads banner