វិថីអាហារ ដែលមានរចនាបទខ្មែរ រួមនិងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ នឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខចំកណ្តាលក្រុងកំពត
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអាជ្ញាធរក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម ម៉ៅ ធនិន លើកឡើងថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេសក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍។

ឯកឧត្តម ម៉ៅ ធនិន បន្តថា ការកែលម្អសោភ័ណភាពវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត និងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយវិថីអាហារ គឺត្រូវរៀបចំតូបលក់ដូរដែលមានរចនាបថរបស់ខ្មែរ និងតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ ក្នុងន័យដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគំរូដល់យុវជនជំនាន់ក្រោយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះផ្ទាល់ ដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃ ហើយប្រសិនបើមានអ្នកទាថ្លៃឈ្នួល ឬប្រាក់ប្រចាំខែសូមរាយការណ៍មកកាន់ឯកឧត្តមផ្ទាល់ដើម្បីមានវិធានការ ព្រោះទីតាំងនេះ គឺជាដីសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ។

ក្រុមអាជីវករដែលលក់ដូរលើវិថីអាហារទាំងអស់ សប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរដូចពួកគាត់ ៕
ដោយ សិលា សារិន
