វប្បធម៌ ជាស្ពានចម្លងកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជា

(ខេត្តកំពង់ចាម)៖ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា។

មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយក មកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ ពោលគឺត្រូវបន្តធ្វើការ ផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធី អបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសយុវជនដែលជាទំពាងស្នងឬស្សី ដើម្បីបំផុសចលនារៀបចំប្រកួតប្រជែងនានា ដោយផ្តោតលើប្រធានបទ « យុវជនដើម្បី វប្បធម៌ជាតិ » និងបង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួននានា ឬតាមរយៈបណ្តាញសង្គម ដើម្បីទាក់ទាញ ពួកគេឱ្យក្លាយជាអ្នកស្រលាញ់វប្បធម៌ ៕

ដោយ ៖ លី ពៅ

ads banner