ចិនចេញច្បាប់ថ្មីបង្កើនវិធានការប្រឆាំងនឹងទណ្ឌកម្មបរទេស

​ប៉េកាំង ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងអរិភាពពីខាងក្រៅ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចុះហត្ថលេខាលើក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ ដើម្បីអនុវត្តច្បាប់ថ្មីមួយ ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងទណ្ឌកម្មបរទេស។

ច្បាប់នេះមាន ២២ មាត្រា និងបានចូលជាធរមានកាលពីថ្ងៃចន្ទទី២៤ ខែមិនានេះតទៅ ដោយវាបានចែងថា បុគ្គល ឬអង្គភាពពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានារបស់ចិន អាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។ អ្នកជាប់ក្នុងបញ្ជីនោះ អាចនឹងត្រូវបដិសេធមិនឲ្យចូលក្នុងប្រទេសចិន ឬត្រូវបានបណ្ដេញចេញពីប្រទេសចិន។

ទន្ទឹមគ្នា ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិន អាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬបុគ្គលនៅក្នុងប្រទេសចិន។ យោងតាមច្បាប់នេះ វិស័យដែលបុគ្គល និងអង្គការបរទេស អាចត្រូវបានរឹតបន្តឹង រួមមានការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។

ទោះបីជាយ៉ាងណា ច្បាប់របស់ប្រទេសចិននេះទៀតសោត ក៏បានអនុញ្ញាតឱ្យអង្គការ និងបុគ្គលដែលទទួលរងនូវវិធានការរឹតបន្តឹង អាចស្នើសុំការផ្អាក ការកែប្រែ ឬលុបចោលវិធានការដែលបានដាក់ ប្រសិនបើពួកគេកែតម្រូវសកម្មភាពរបស់ខ្លួន និងកាត់បន្ថយផលវិបាក។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត South china morning post។

ច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ប្រទេសចិន ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ ២០២១មកម្ល៉េះ។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយជាមួយការរារាំងពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ តួយ៉ាង ប្រធានាធិបតីអាមេរិក លោក Donald Trump បានគាបសង្កត់លើទំនិញរបស់ចិន ដោយការដំឡើងពន្ធបន្ថែម ២០% ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ ហើយអាចមានបញ្ហាជាច្រើនទៀតនៅដើមខែមេសាខាងមុខ៕

ប្រភព ៖ CGTN និង South china morning post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner