ប័ណ្ណមាសតម្លៃ ៥ លានដុល្លារ ដូរយកសញ្ជាតិអាមេរិករបស់លោក Trump មួយថ្ងៃលក់បាន ១.០០០ សន្លឹក
វ៉ាស៊ីនតោន ៖ ប័ណ្ណមាសដែលមានតម្លៃ ៥ លានដុល្លាររបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់លក់ជូនជនបរទេសមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើម្បីទទួលបានសញ្ជាតិអាមេរិកនោះ ក្នុងមួយថ្ងៃអាចលក់បានរហូតដល់ ១.០០០ សន្លឹក។
កម្មវិធីដាក់លក់ «ប័ណ្ណមាស» ដែលបង្កើតឡើងដោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំនេះ ផ្តល់ឲ្យជនបរទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នូវសិទ្ធិស្នាក់នៅ និងការចូលសញ្ជាតិអាមេរិក បូករួមជាមួយឱកាសវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់។
គំនិតផ្តួចផ្តើម «ប័ណ្ណមាស» គឺជាកម្មវិធីថ្មីមួយ ដែលជំនួសកម្មវិធីវិនិយោគិនអន្តោប្រវេសន៍ «EB-5» ពីមុន។ កម្មវិធី «EB-5» ទាមទារការវិនិយោគអប្បបរមាចំនួន ១,០៥ លានដុល្លារ និងការបង្កើតការងារឲ្យបានយ៉ាងហោចណាស់ ១០កន្លែង ខណៈកម្មវិធី «ប័ណ្ណមាស» ជួយសម្រួលដល់ដំណើរការនេះកាន់តែងាយស្រួល ដោយផ្តោតជាចម្បងលើចំនួនទឹកប្រាក់វិនិយោគ ជាមួយនឹងតម្រូវការ ៥ លានដុល្លារ ហើយមិនត្រូវការការបង្កើតការងារជាក់លាក់នោះទេ។
កំលុងបទសម្ភាសន៍ក្នុងកម្មវិធី All-In Podcast កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnickបានទម្លាយឱ្យដឹងថា មានមនុស្ស ៣៧ លាននាក់នៅលើពិភពលោកដែលមានសមត្ថភាពទិញប័ណ្ណនេះ ហើយលោកប្រធានាធិបតី ត្រាំ គិតថា យើងនឹងអាចលក់វាបាន ១លានសន្លឹក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិករូបនេះ បានគូសបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានគោលបំណងបង្កើតចំណូលយ៉ាងហោចណាស់ ៥ ពាន់ពាន់លានដុល្លារ តាមរយៈការចេញលក់ប័ណ្ណមាសចំនួន ១លានសន្លឹក៕
ប្រភព ៖ economic times ប្រែសម្រួល ៖ ឈឹម ទីណា