ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូលលើកទី១ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពី​បញ្ញាសិប្បនិម្មិត»

(ភ្នំពេញ)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួង​ប្រៃ​សណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង​សិក្ខា​សាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោម​ប្រធានបទ “វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិ​ស្ដីពី​បញ្ញាសិប្បនិម្មិត” ក្នុងគោលបំណងផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” របស់ ក.ប.ទ.។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍​អ្នកជំនាញ អ្នកបច្ចេកទេស និង​តួអង្គ​ពាក់​ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន សរុប​ប្រមាណ ១៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើង​អំពី​សមិទ្ធផលរបស់ ក.ប.ទ. ក្នុងការចូលរួមធ្វើបរិវត្តកម្ម​ឌីជី​ថល និងអភិវឌ្ឍសេដកិច្ចនិងសង្គមឌីជីថល ព្រមទាំងលើក​កម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមលើនេះ សិក្ខាសាលាក៏មានការចូលរួមធ្វើ​បទបង្ហាញ​ពីក្រុមការងារជំនាញ ក.ប.ទ. លើប្រធានបទសំខាន់ៗ រួមមាន៖ (១) សាវតារនិងវឌ្ឍនភាពការងារបញ្ញា​សិប្ប​និម្មិត​នៅកម្ពុជា (២) ឯកសារគោលនយោបាយបញ្ញាសិប្ប​និម្មិតថ្នាក់តំបន់ (៣) លទ្ធផលនៃការវាយតម្លៃភាពរួចរាល់​ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និង (៤) ទស្សនា​ទាននិងចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិត។

សូមជម្រាបផងដែរថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលា​ប្រមូល​ធាតុចូលលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រ​ជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សា​នៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១២:00នាទីព្រឹក នៅបណ្ឌិត្យសភា​បច្ចេក​វិទ្យា​ឌីជីថលកម្ពុជា។

ក.ប.ទ. អនុញ្ញាតឱ្យអ្នកជំនាញនិងអ្នកបច្ចេក​ទេស​បញ្ញា​សិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពី​គ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូន​ដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner